(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា តាមវាយបកស្មើ ១-១ ទល់ក្រុមហុងកុង ក្នុងជំនួបមិត្តភាពអន្តរជាតិ ហើយវាបានក្លាយជាការប្រកួតលើកទី៩ រវាងក្រុមទាំង២ ដែលការព្យាយាមរបស់កម្ពុជា នៅតែមិនបានសម្រេច ជាមួយការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សម្រាប់ការប្រកួតរបស់ក្រុមទាំងពីរ ឃើញថាចូលតង់ទី១ ក្រុមភ្ញៀវហុងកុង បាននាំមុខមុន ១គ្រាប់ ដោយកីឡាករ EVERTON CAMARGO លេខ ១១។ ខណៈឈានចូលដល់តង់ទី២ ខាងម្ចាស់ផ្ទះ គោព្រៃកម្ពុជា បានព្យាយាមវាយបកយ៉ាងស្វិតស្វាញតាមបានស្មើមកវិញ ដោយកីឡាករ ស៊ិន សូផាណាត ម្ចាស់ពាក់លេខ២០។

តាមរយៈលទ្ធផលនេះ បានក្លាយជាប្រវត្តិជួបគ្នារវាងកម្ពុជា និងហុងកុង លើកទី៩៖

• ពានរង្វាន់ Merdeka ឆ្នាំ១៩៥៧៖ ហុងកុង ៦-២ កម្ពុជា
• ពានរង្វាន់ AFC Asian Cup ឆ្នាំ១៩៩៩៖ ជើងទី១ ហុងកុង ៤-១ កម្ពុជា និងជើងទី១ កម្ពុជា ០-២ ហុងកុង
• ប្រកួតមិត្តភាព ឆ្នាំ២០១៦៖ ប្រកួតទី១ ហុងកុង ៤-២ កម្ពុជា និងប្រកួតទី២ កម្ពុជា ០-២ ហុងកុង
• វគ្គជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០១៩៖ ជើងទី១ កម្ពុជា ១-១ ហុងកុង និងជើងទី២ ហុងកុង ២-០ កម្ពុជា
• វគ្គជម្រុះ AFC Asian Cup ឆ្នាំ២០២២៖ កម្ពុជា ០-៣ ហុងកុង។
• ប្រកួតមិត្តភាពអន្តរជាតិ ឆ្នាំ២០២៣៖ ហុងកុង ១-១ កម្ពុជា។

សូមបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា និងត្រូវបន្តជួបក្រុមម៉ាកាវ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ លើកទី២ នាថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាវេលាម៉ោង១៩៖០០នាទីយប់៕