(ភ្នំពេញ)៖ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ពិព័រណ៍ជំនាញ និងការងារ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ «JOBS & SKILLS SUMMIT 2023» ដែលនឹងធ្វើឡើងនៅវិទ្យាល័យជាតិគ្រប់គ្រង ថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៣។

កម្មវិធី JOBS & SKILLS SUMMIT ឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងស្អិតរមួតរវាង គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាមួយនឹងសិស្សានុសិស្ស ព្រមទាំងសាធារណៈជន ដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីឱកាសហាត់ការ និងឱកាសការងារ ជាច្រើនកន្លែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការរីកដុះដាលយ៉ាងខ្លាំងក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការជាមួយសមាគមនធនាគារនៅកម្ពុជា (ABC) សាកលវិទ្យាល័យជាតិគ្រប់គ្រង មជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាលាថេក (Salatech Pte. Ltd) ព្រមទាំងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជិត ២០ស្ថាប័ន នឹងមានវត្តមានដាក់ស្តង់ជ្រើសរើសបុគ្គលិក បង្ហាញអំពីឳកាសការងារ វប្បធម៌ការងារ និងធ្វើបទបង្ហាញពិសេសខ្លីៗអំពីការអភិវឌ្ឍខ្លួន និងការពង្រីកចំណេះដឹង ជូនដល់ប្អូនៗសិស្សានុសិស្ស និងសាធារណៈជន ក្នុងកិច្ចការវិវឌ្ឍខ្លួនឲ្យក្លាយជាបុគ្គលិក ពោរពេញទៅដោយទេព្យកោសល្យ និងជាធនធានដ៏ពិសេស សម្រាប់បម្រើការងារ និងជួយទៅដល់ការរីកចំរើនរបស់វិស័យធនាការ និង ហិរញ្ញវត្ថុនៅប្រទេសកម្ពុជាផងដែរ។

ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង លោក ស៊ូ វិសាល នាយកគ្រប់គ្រងទូទៅ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ បានកត់សម្គាល់ថា៖ «នាទសវត្សរ៍ចុងក្រោយនេះ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយតម្រូវការធនធានមនុស្ស ដែលមានភាពឈ្លាសវៃ សកម្ម និងទេពកោសល្យ ប្រកបដោយគំនិតផ្តួចផ្តើម និងការច្នៃប្រឌិតខ្ពស់ពិតជាចាំបាច់»

លោកបានបញ្ជាក់ទៀតថា៖ «នេះជាលើកដំបូងដែលវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុបានរៀបចំពិព័រណ៍ការងារ និងជំនាញដែលផ្តោតទៅលើវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដោយមានស្ថាប័នធនាគារ និងហិរញ្ញវត្ថុចំនួនជិត ២០ ស្ថាប័ន នឹងចូលរួមដាក់តាំងស្តង់បង្ហាញពីឱកាសការហាត់ហារ និង ការងារ ជាង ៤០០០ មុខតំណែង»

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិគ្រប់គ្របបានថ្លែងថា៖ «គោលបំណងផ្សាយការធ្វើពិព័រណ៍ការងារនាខែកញ្ញាខាងមុខនេះ ពិពណ៍នេះពាក់ព័ន្ធនឹងវិស័យការងារនៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ជាព្រឹត្តិការណ៍ដែលមានសារៈសំខាន់ ហើយក្នុងឳកាសនេះដែរខ្ញុំសូមជម្រាបថា សាកលវិទ្យាល័យជាតិគ្រប់គ្រងបានចុះកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុមួយឆ្នាំហើយ ហើយក្នុងកិច្ចព្រមព្រៀងនោះស៊ីជម្រៅលើបរិបទសំខាន់ គឺកម្មវិធីបណ្តុបណ្តាលផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ។

ការកសាងសមត្ថភាព និងធនធានមនុស្ស និងផ្នែកអប់រំជារបៀបវារៈចម្បងមួយក្នុងចំណោមរបៀបវារៈចម្បងផ្សេងៗទៀតរបស់សមាគមធនាគារនៅកម្ពុជា។ លោកស្រី ផល-ឆាលម៍ ធានី អគ្គលេខាធិការនៃសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងថា៖ «សមាគមបានបង្កើតគណៈកម្មាធិការអប់រំ និង បានផ្តួចផ្តើមបង្កើតវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF)នេះ ដើម្បីធ្វើការលើកកម្ពស់ការអប់រំក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ ដើម្បីកំណើន និងនិរន្តរភាពនៃវិស័យធនាគារនៅកម្ពុជា»

ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន IBF បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញ និង ផ្តល់វិញ្ញាបនបត្រដល់បុគ្កលិក-មន្រ្តី របស់វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួនជិត ៤០០០០ នាក់ ដោយរាប់បញ្ចូលនូវ វគ្គកាតព្វកិច្ចតម្រូវដោយធនាគារជាតិ ដូចជា វគ្តប្រតិបត្តិតាមបទបញ្ញាតិ និងវគ្គការផ្តល់កម្ចីដោយទំនួលខុសត្រូវ ជាដើម។

ត្បិតតែវិស័យធនាគារ និងហិរញ្ញវត្ថុ នេះផ្តល់ជូននូវឱកាសការងារ និងតួនាទីជាច្រើន តែវិស័យនេះ ក៏ទាមទារនូវជំនាញ និងសមត្ថភាពផងដែរ។ នេះជាការលើកឡើងរបស់លោក សុខ លាភ ស្ថាបនិកក្រុមហ៊ុន SalaTech ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអប់រំមានកម្មវិធីទូរស័ព្ទ និងគេហទំព័រ ជួយគាំទ្រតម្រង់ទិសសិស្សានុសិស្ស ដើម្បីស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ពួកគេ ក្នុងការជ្រើសរើស នូវមុខជំនាញ និងអាជីពការងារឱ្យបានត្រឹមត្រូវ។

លោក សុខ លាភ បានលើកទឹកចិត្តសិស្សានុសិស្សថា៖ «JOBS & SKILLS SUMMIT 2023 គឺជាឱកាសដ៏ល្អសម្រាប់និស្សិតដើម្បីស្វែងយល់បន្ថែម រៀបចំខ្លួន ទទួលបានចំណេះដឹង និងឱកាសដើម្បីទទួលបាន ការងារក្នុង វិស័យធនាគារ និងហិរញ្ញវត្ថុ ដែលជាវិស័យមួយក្នុងចំណោមវិស័យដែលមានភាពរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា»

លោកនាយកគ្រប់គ្រងទូទៅ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ IBF បានជម្រុញឱ្យមានការផ្សព្វផ្សាយព័ត៌មានទៅដល់សិស្សនិស្សិត និងសាធារណជនឱ្យចូលរួមបានកុះករ។ សម្រាប់ព័ត៌មានស្វែងរកការងារ សិស្សនិស្សិតអាចធ្វើការទាញយកកម្មវិធីទូរស័ព្ទដៃ IBF KH តាម Appstore និង Playstore។ សម្រាប់ព័ត៌មានបន្ថែម ចូលទៅតេឡេក្រាមឆាណែលរបស់ JOBS & SKILLS SUMMIT. https://t.me/ibfjobs_skills_summit/50