(ព្រះសីហនុ)៖ សាកលវិទ្យាល័យ ឡាយហ្វ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកកម្មពិធី ប្រកួតវាយកូនឃ្លីលើតុមិត្តភាពអន្តជាតិ ពានរង្វាន់ យ៉ាងយ៉ុងចា ក្នុងគោលបំណងបង្ហាញការផ្សព្វផ្សាយ និងទាញចំណាប់អារម្មណ៍សិស្សានុសិស្ស និស្សិត និងសាធារណៈជនឱ្យបានដឹងពីសារៈប្រយោជន៍ពីប្រភេទកីឡានេះ។

កម្មពិធីប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានការអញ្ជើញចូលរួមលោកបណ្ឌិត ឃូ គ្យែនហ្វ៊ែ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឡាយហ្វ លោកស្រី យ៉ាង យ៉ុង ចា ព្រមទាំងប្រិតភូ គ្រូបង្វឹក កីឡាករ កីឡាការនី និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ក្នុងសាកលវិទ្យាល័យឡយហ្វ ខេត្តព្រះសីហនុ។

សាកលវិទ្យាល័យ ឡាយហ្វ បានសហការជាមួយអតីតកីឡាការនី វាយកូនឃ្លីលើតុ មេដាយមាស ជនជាតិកូរ៉េ ឈ្មោះ Yang Young-Ja រៀបចំកម្មវិធីប្រកួតវាយកូនឃ្លីលើតុមិត្តភាពអន្តរជាតិ Yang Young-Ja Cup ក្រៅពីគោលបំណងបង្ហាញផ្សព្វផ្សាយ និងទាញចំណាប់អារម្មណ៍សិស្សានុសិស្ស និស្សិត ជាមួយគ្នានេះក៏មានគោលបំណងបង្កើតក្លឹបវាយកូនឃ្លីលើតុ និងផ្ដល់ការហ្វឹកហាត់ដល់សិស្សានុសិស្ស និស្សិត និងសាធារណៈជន ឱ្យក្លាយជាកីឡាករ កីឡាការនីអាជីព ដើម្បីចូលរួមការប្រកួតជាតិ និងអន្តរជាតិ។

លោក មីន កុម្ភៈ បានឱ្យដឹងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ខេត្តព្រះសីហនុ មានកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជនយ៉ាងឆាប់រហ័ស ស្របជាមួយនឹងការផ្លាស់ប្ដូរយ៉ាងខ្លាំង ពិសេសលើហេដ្ឋារចនាសម្ព័ន្ធ។ វិស័យចម្បងៗក្នុងការអភិវឌ្ឍខេត្តរួមមាន វិស័យឧស្សាហកម្ម, ពាណិជ្ជកម្ម ទេសចរណ៍, កសិកម្ម, ហិរញ្ញវត្ថុ, អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, សំណង់ និងអចលនទ្រព្យ។ តំបន់សេដ្ឋកិច្ចពិសេសអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ហេដ្ឋរចនាសម្ព័ន្ធ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែលត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី» ។

ស្របពេលជាមួយគ្នានេះវិស័យកីឡានៅកម្ពុជា កំពុងអភិវឌ្ឍន៍ និងរីកចំរើនយ៉ាងខ្លាំង ក្នុងនោះក៏មានប្រភេទកីឡាវាយកូនឃ្លីលើតុកម្ពុជា ផងដែរ ដែលត្រូវបានយកចិត្តទុកយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ទោះបីកីឡាវាយកូនឃ្លីលើ មិនទាន់ទទួលបានពានរង្វាន់លើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែយើងមើលឃើញនូវសន្ទុះគាំទ្រកីឡាមួយនេះនៅតែមាន តាមរយៈការកើនឡើងនូវសមាគម និងក្លិបអាជីព ជាច្រើន។ ដូច្នេះកីឡានេះ កំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងការបង្កើន និងអភិវឌ្ឍន៍សមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីផងដែរ។

ទន្ទឹមនឹងនេះ លោក មីន កុម្ភៈ សូមឲ្យកីឡាករ កីឡាការនី ដែលចូលរួមប្រកួតវាយកូនឃ្លិលើតុមិត្តភាពអន្តរជាតិ ពានរង្វាន់ យ៉ាង យ៉ុង ចា នាពេលនេះ ត្រូវខំយកចិត្តទុកដាក់បញ្ចេញអស់ពីសមត្ថភាពក្នុងការប្រកួត ឈរលើគោលការណ៍លេងដោយយុត្តិធម៌ ស្មារតីសាមគ្គីភាព គោរពវិន័យ និងអនុវត្តឲ្យបានល្អប្រសើរនូវបញ្ហារ នៃការប្រកួត ក្នុងមានគណៈកម្មការរៀបចំការប្រកួត ជាពិសេសអាជ្ញាកណ្តាល ត្រូវអនុវត្តការងារប្រកួតនេះដោយឈរលើស្មារតីសុក្តិត និងយុត្តិធម៌៕