(បរទេស)៖ ទីបំផុត Nokia ប្រកាសថ្ងៃចេញលក់ស្មាតហ្វូនជំនាន់ចុងក្រោយ Nokia G42 ដែលដំណើរការដោយបណ្តាញ 5G ជាផ្លូវការហើយ ដែលនឹងចាប់ផ្តើមដាក់លក់ក្នុងទីផ្សារឥណ្ឌាដំបូងគេនៅថ្ងៃទី១១ ខែកញ្ញា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

តាមការបញ្ជាក់ពី Nokia បានឱ្យដឹងថា Nokia G42 នឹងមាន ២ពណ៌រួមមានពណ៌ប្រផេះ និងពណ៌ស្វាយ ហើយវានឹងត្រូវបានដាក់លក់ផ្តាច់មុខតាមរយៈ Amazon.in ក្នុងប្រទេសឥណ្ឌា។

Nokia G42 ដែលដំណើរការដោយបណ្តាញអ៊ីនធឺណិត 5G ត្រូវបានប្រកាសបង្ហាញជាលើកដំបូងក្នុងខែមិថុនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។ ស្មាតហ្វូននេះនឹងត្រូវបានបំពាក់ដោយអេក្រង់ប្រភេទ HD+ LCD ទំហំ ៦.៥៦អ៊ីញ កម្រិតច្បាស់ (1080 x 2400 pixels) ជាមួយនឹង refresh rate 90Hz។ មិនត្រឹមតែប៉ុណ្ណោវានឹងដំណើរការជាមួយ Snapdragon 480+ SoC ភ្ជាប់ជាមួយ RAM ដល់ទៅ 6GB និងអង្គផ្ទុកទិន្នន័យ 128GB។

ជាមួយនឹងស្មាតហ្វូនជំនាន់ចុងក្រោយនេះ Nokia នឹងអនុញ្ញាតឱ្យដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 13 ចេញពីប្រអប់ ហើយភ្ជាប់មកជាមួយការធានាគុណភាពរយៈពេលពីរឆ្នាំ និងការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពប្រចាំខែសម្រាប់រយៈពេល ៣ ឆ្នាំផងដែរ។

គួរជម្រាបដែរថា Nokia G42 នឹងមានបំពាក់ជាមួយកាមេរ៉ាចំនួន ៤គ្រាប់ដោយក្នុងនោះរួមមាន កាមេរ៉ាមុខ ឬកាមេរ៉ា selfie ទំហំ ៨មេហ្គាភិចស៊ែ ចំណែកកាមេរ៉ាគោលខាងក្រោយទំហំ ៥០មេហ្គាភិចស៊ែ, កាមេរ៉ា Depth Sensor ឬមុខងារ Focus ទំហំ ២មេហ្គាភិខស៊ែ និង កាមេរ៉ា Macro ឬមុខងារ Zoom ទំហំ ២មេហ្គាភិចស៊ែផងដែរ។ តែយ៉ាងណាចំពោះតម្លៃចេញលក់វិញនៅមិនទាន់មានការបញ្ជាក់ពី Nokia នៅឡើយនោះទេ៕