(បរទេស)៖ ក្រុមហ៊ុនផលិតឈីបខ្នាតយក្ស Qualcomm បានប្រកាសនៅសប្តាហ៍នេះថា ខ្លួននឹងសហការជាមួយនឹងក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិត BMW និង Mercedes ដើម្បីផ្គត់ផ្គង់បន្ទះឈីប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា Qualcomm នឹងផលិតឈីបជំនាន់ថ្មីដែលមានឈ្មោះថា Snapdragon 8290 និង Snapdragon 8350 សម្រាប់ផ្គត់ផ្គង់ទៅកាន់ BMW និង Mercedes។ សម្រាប់បន្ទះឈីប Snapdragon 8290 ត្រូវបានគេឱ្យដឹងថាជាបន្ទះឈីបកម្រិតមធ្យម និង Snapdragon 8350 ជាបន្ទះឈីបកម្រិតខ្ពស់សម្រាប់ប្រើក្នុងរថយន្តស៊េរីទំនើបៗ។

បន្ទះឈីបនេះនឹងត្រូវបានប្រើសម្រាប់មុខងារជាច្រើន រួមទាំងការបញ្ជាដោយសំឡេង ការកំណត់មុខងារក្នុងរថយន្ត និងមុខងារកម្សាន្តជាដើម។

យ៉ាងណាមិញសម្រាប់ពេលវេលាចាប់ផ្តើមផ្គត់ផ្គង់ទៅកាន់ BMW និង Mercedes នៅមិនទាន់មានការបញ្ជាក់នៅឡើយនោះទេ តែតាមការបង្ហើបរបស់ Qualcomm រថយន្តដែលដំណើរការដោយបន្ទះឈីបរបស់ខ្លួននឹងចាប់ផ្តើមដាក់លក់នៅឆ្នាំ២០២៤ ខាងមុខនេះ។ ដូច្នេះមានន័យថា ការផ្គត់ផ្គង់គឺអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះតែម្តង៕