(បរទេស)៖ កាលពីសប្តាហ៍មុន អាល់ប៊ុមទោលឆ្នាំ២០២២ មានចំណងជើងថា «Jack In The Box» របស់ J-Hope នៅតែរក្សារបានតំណែងក្នុងតារាងអាល់ប៊ុមកំពូលទាំង២០០ របស់ Billboard ឡើងវិញ ដែលធ្វើឲ្យស្នាដៃរបស់តារារូបនេះ ស្ថិតនៅក្នុងតារាងជាប់ៗគ្នា៣សប្តាហ៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Soompi នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

អាល់ប៊ុមនេះ បានចូលក្នុងតារាងម្តងទៀតដោយឈរនៅលេខរៀងទី៦ ដែលធ្វើឲ្យវាក្លាយជាអាល់ប៊ុមទោលដំបូងរបស់ J-Hope ដែលបានឡើងទៅដល់កំពូលចម្រៀងទាំង១០។ នៅថ្ងៃទី៦ ខែកញ្ញា Billboard បានបង្ហាញថា បទចម្រៀង «Jack In The Box» បានបន្តដោយជោគជ័យនៅលើតារាងសម្រាប់សប្តាហ៍ទីបី។

គួរជម្រាបថា ងាកពីស្នាដៃចម្រៀងតារាវ័យ ២៩ឆ្នាំ J-Hope ដែលមានឈ្មោះពិតថា Jung Ho-seok (ចុង ហូសុក) បានដាក់ពាក្យបញ្ចប់ការពន្យារពេល ចូលបំពេញកាតព្វកិច្ចយោធារបស់ខ្លួន ដោយរូបគេគឺជាសមាជិកទីពីររបស់ BTS ដែលចាប់ផ្តើមដំណើរការចូលបម្រើយោធា បន្ទាប់ពីសមាជិក Jin បានចាប់ផ្ដើមកាលពី ២ខែមុន៕