(ប៉ារីស)៖ តារាជើងស៊ុត Lionel Messi ត្រូវបានគេមើលឃើញថា ជាបេក្ខជននាំមុខគេសម្រាប់តំណែងបាល់មាស Ballon d’Or ឆ្នាំ២០២៣ ក្នុងចំណោមគូប្រជែង ៣០រូបផ្សេងទៀត។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា កីឡាករបាល់ទាត់និម្មិតរូបអាហ្សង់ទីនខាងលើនេះ គឺជាទីពេញចិត្តទូទាំងសកលលោក ដើម្បីឈ្នះពានលក្ខណៈឯកត្តជន Ballon d’Or ជាលើកទី៨ របស់គេ ក្រោយពេលជួយជម្រើសជាតិពពកសអាហ្សង់ទីន ដណ្តើមបាន World Cup 2022 នៅប្រទេសកាតានាអំឡុងខែធ្នូកន្លងទៅ។

យ៉ាងនេះក្តី Messi សមាជិកក្លិបអាមេរិក Inter Miami FC បច្ចុប្បន្នក៏ត្រូវប្រជែងជាមួយខ្សែបម្រើប្រយុទ្ធ Jude Bellingham ដែលបានផ្ទេរទៅ Real Madrid និង Harry Kane ដែលបានផ្ទេរទៅ Bayern Munich នារដូវកាលនេះដូចគ្នាផងដែរ និងគូប្រជែងសំខាន់ពាក់លេខ៩ Erling Haaland សញ្ជាតិន័រវេស ដែលបានជួយមេឃខៀវ Manchester City ឈ្នះពាន៣ នារដូវកាលមុនផងដែរ។

ជាការកត់សម្គាល់គូប្រជែងធំរបស់ Messi គឺ Cristiano Ronaldo ដែលធ្លាប់ឈ្នះ Ballon d’Or បាន ៥លើកផងនោះ ពុំមានឈ្មោះក្នុងបញ្ជីបេក្ខភាព ៣០នាក់ចុងក្រោយនោះទេ និងជាលើកដំបូងផងដែរសម្រាប់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់គិតចាប់តាំងពីឆ្នាំ២០០៣ មក៕