(ប្រ៊ុចសែល)៖ អតីតអ្នកចាំទីក្លិប Leicester City កីឡាករ Kasper Schmeichel បានចុះកិច្ចសន្យារយៈពេល ១ឆ្នាំ ជាមួយនឹងក្លិបបែលហ្ស៊ិក Anderlecht។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះ បានក្លាយជាកីឡាករគ្មានក្លិបលេងបន្ទាប់ពីចាកចេញពីក្លិប Nice ដោយការព្រមព្រៀងគ្នាទៅវិញទៅមក កាលពីសប្តាហ៍មុន ដែលមានន័យថារូបគេអាចចូលរួមជាមួយនឹងក្លិបថ្មី នៅក្រៅរដូវកាលដោះដូរកីឡាករបាន។

កីឡាករ Schmeichel បានបង្ហាញខ្លួន ៤៦លើក ក្នុងការប្រកួតទាំងអស់ សម្រាប់ក្លិប Nice កាលពីរដូវកាលមុន បន្ទាប់ពីបានចូលរួមជាមួយក្លិប ដែលលេងនៅលីគកំពូលបារាំង Ligue 1 លើការផ្ទេរដោយឥតបង់ថ្លៃចេញពីក្លិប Leicester។

រំលឹកផងថា អ្នកចាំទី Schmeichel ដែលធ្លាប់ទទួលបានការកោះហៅ ៩៣លើក លេងឲ្យក្រុមជម្រើសជាតិដាណឺម៉ាករូបនេះ ធ្លាប់បានបង្ហាញខ្លួនចំនួន ៤៧៩លើក ក្នុងរយៈពេល ១១ឆ្នាំ ជាមួយក្លិប Leicester City នៅអំឡុងពេលដែលរួមចំណែកឈ្នះពានរង្វាន់ Premier League, FA Cup និងពានរង្វាន់ Community Shield ផងដែរ៕