(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិ ជាមួយហុងកុង នាម៉ោង ៧យប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នេះជាលើកទី៩ ហើយ ដែលក្រុមទាំងពីរ ត្រូវជួបគ្នា គិតចាប់ពីឆ្នាំ១៩៥៧ រហូតមកទល់បច្ចុប្បន្ន។ ប៉ុន្ដែក្រឡេកទៅមើលប្រវត្តិជួបគ្នាកន្លងមក កម្ពុជាពុំធ្លាប់ឈ្នះហុងកុងនោះទេ ពោលគឺជួបគ្នា ៨លើក ទាំងពានរង្វាន់អន្ដរជាតិ និងការប្រកួតមិត្តភាព គឺកម្ពុជាចាញ់ ៧ និងស្មើ ១។ ចាំមើលតើក្រុមគោព្រៃកម្ពុជា អាចបង្កើតកំណត់ត្រាថ្មី ក្នុងការយកឈ្នះក្រុមហុងកុងបានទេ ក្នុងជំនួបមិត្តភាពយប់នេះ។

សម្រាប់ប្រវត្តិជួបគ្នា រវាងកម្ពុជា និងហុងកុង ចំនួន ៨លើកកន្លងមក រួមមាន៖

• ពានរង្វាន់ Merdeka ឆ្នាំ១៩៥៧៖ ហុងកុង ៦-២ កម្ពុជា
• ពានរង្វាន់ AFC Asian Cup ឆ្នាំ១៩៩៩៖ ជើងទី១ ហុងកុង ៤-១ កម្ពុជា និងជើងទី១ កម្ពុជា ០-២ ហុងកុង
• ប្រកួតមិត្តភាព ឆ្នាំ២០១៦៖ ប្រកួតទី១ ហុងកុង ៤-២ កម្ពុជា និងប្រកួតទី២ កម្ពុជា ០-២ ហុងកុង
• វគ្គជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០១៩៖ ជើងទី១ កម្ពុជា ១-១ ហុងកុង និងជើងទី២ ហុងកុង ២-០ កម្ពុជា
• វគ្គជម្រុះ AFC Asian Cup ឆ្នាំ២០២២៖ កម្ពុជា ០-៣ ហុងកុង។

មុនការប្រកួតយប់នេះ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកហុងកុង គឺជាក្រុមខ្លាំងមួយ ដែលមានកម្រិតខ្ពស់ជាងកម្ពុជា។ ដូច្នេះជាការប្រកួតដ៏ល្អសម្រាប់កម្ពុជា ដើម្បីពង្រឹងក្រុមបន្ថែម។ លោកថា «ការប្រកួតមិត្តភាពអន្ដរជាតិជាមួយហុងកុងនេះ គឺជាការប្រកួតមួយដ៏ល្អ ព្រោះហុងកុង គេខ្លាំងជាងយើង។ អ៊ីចឹងវាជាការប្រកួតប្រជែងមួយ ដែលយើងចង់លេងជាមួយហុងកុង ដើម្បីពង្រឹងក្រុមកម្ពុជារបស់យើង»

ចំណែកកីឡាករ ជួន ចាន់ចាវ វិញ បានលើកឡើងថា «ការប្រកួតនេះ គឺជាការប្រកួតមួយដ៏ធំ ហើយក៏មានការពិបាកដែរ។ ប៉ុន្ដែខ្ញុំជឿជាក់លើមិត្តរួមក្រុម និងគ្រូបង្វឹកថា យើងអាចធ្វើបាន។ បើយើងមើលប្រវត្តិជួបគ្នាកន្លងមក យើងអត់ដែលឈ្នះហុងកុងទេ។ អ៊ីចឹងខ្ញុំគិតថា នេះគឺជាពេលមួយ ដែលយើងត្រូវធ្វើអ្វីមួយថ្មី ធ្វើអ្វីមួយដើម្បីកែប្រែលទ្ធផល ព្រោះយើងចង់ឈ្នះការប្រកួតនេះ»

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិចំនួន ២ ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ជុំទី១ ដែលកម្ពុជា ជួបប៉ាគីស្ថាន នាខែតុលាខាងមុខ ក្នុងនោះគឺការប្រកួតមិត្តភាពជាមួយហុងកុង នាព្រលប់ថ្ងៃទី០៧ ខែកញ្ញានេះ មុនបន្ដជួបក្រុមម៉ាកាវ នាថ្ងៃទី១១ ខែកញ្ញាខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិកតែមួយគត់៕