(ភ្នំពេញ)៖ ក្រុមហ៊ុន Worldbridge Group ជាក្រុមហ៊ុនដឹកជញ្ជូន និង អចលនទ្រព្យ ឈានមុខគេនៅកម្ពុជា និង ក្រុមហ៊ុន Zhejiang Yiwu Small Commodity City Group ដែលជាសហគ្រាសពាណិជ្ជកម្ម និងធុរកិច្ចកំពូល មួយរបស់ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។

កិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅទីក្រុង Yiwu ប្រទេសចិន កាលពីខែសីហា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពពាណិជ្ជកម្មរវាងក្រុង Yiwu និងកម្ពុជា ក្នុងបំណងបង្កើនការបំពេញបន្ថែមលើវិស័យឧស្សាហកម្ម ការផ្គត់ផ្គង់ និងគុណតម្លៃនៃខ្សែសង្វាក់ពាណិជ្ជកម្ម រវាងតំបន់ទាំងពីរ ដែលអាចនឹងផ្តល់ជាប្រភពធនធានដើម្បីកសាងឡើងវិញ នូវខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញប្រើប្រាស់របស់កម្ពុជា និងប្រព័ន្ធអេកូពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងក៏ជាការកត់សម្គាល់ផងដែរនឹងមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យធុរកិច្ច និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន។

ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងនេះ បានប្រព្រឹត្ដទៅក្រោមវត្ដមាន អ្នកឧកញ៉ា សៀ រិទ្ធី តំណាងក្រុមហ៊ុន Worldbridge Group, លោក Tan Teck Kee ជានាយកប្រតិបត្តិ, លោក Eric Chong ជានាយកគម្រោងអាស៊ី-ប៉ាស៊ីហ្វិក, និង លោក Harry Walter Martin IV ជានាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៅកម្ពុជា, លោក Zhu Kan នាយកគម្រោងរបស់ប្រទេសចិន និងលោក Lim Chia Yee ជានាយកប្រតិបត្តិ J&P The Bridge Mall។ រីឯក្រុមហ៊ុន Zhejiang Yiwu Small Commodity City Group តំណាងដោយលោកប្រធាន Zhao Wenge និងលោកអគ្គនាយករង Huang Xiaoying។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group បានមានប្រសាសន៍ថា «កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Worldbridge Group និងក្រុមហ៊ុន Zhejiang Yiwu Small Commodity City Group ដែលកិច្ចសហប្រតិបត្តិការនេះ វានឹងជួយយើងក្នុងការលើកកម្ពស់បន្ថែមទៀតនូវយុទ្ធសាស្ត្រសម្រាប់ ម៉ាកយីហោពាណិជ្ជកម្មសកល (Global Branding) នៅក្រៅប្រទេស និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា និងបណ្តាប្រទេសអាស៊ានដទៃៗទៀត»

លោកប្រធាន Zhao Wenge បានបញ្ជាក់ផងដែរថា «យើងមានទំនុកចិត្តយ៉ាងប្រាកដថា កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សម្រាប់ភាគីទាំងពីរ ហើយយើងអាចនឹងបង្កើតស្ថានភាព «ឈ្នះ ឈ្នះ» រួមគ្នាសម្រាប់កម្ពុជា ចិន និង ទូទាំងពិភពលោក»

សូមជម្រាបថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Worldbridge Group និង Zhejiang Yiwu Small Commodity City Group ហើយកិច្ចព្រមព្រៀងនេះ ជាសញ្ញានៃទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងកម្ពុជា និងចិន ហើយវានឹងជួយជំរុញដល់ការអភិវឌ្ឍន៍ នៃប្រទេសទាំងពីរផងដែរ៕