(ភ្នំពេញ)៖ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកហុងកុង គឺជាក្រុមខ្លាំងមួយ ដែលមានកម្រិតខ្ពស់ជាងកម្ពុជា ស្របពេលកីឡាករ ជួន ចាន់ចាវ ថាដល់ពេលត្រូវកែប្រវត្តិសាស្ដ្រថ្មី ក្នុងការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមទាំងពីរ នាព្រលប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ស្អែក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតនៅថ្ងៃពុធនេះ លោក Felix បានគូសបញ្ជាក់ថា នេះគឺជាលើកទី២ ដែលក្រុមជម្រើសជាតិកម្ពុជា បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ បន្ទាប់ពីលោកត្រឡប់មកដឹកនាំវិញ ក្នុងនាមគ្រូបង្គោល ។ លោករីករាយសម្រាប់ការប្រកួតមិត្តភាពជាមួយហុងកុង ដែលកំពុងឈរចំណាត់ថ្នាក់លេខ១៤៨ លើពិភពលោក លើកម្ពុជា ដែលឈរចំណាត់ថ្នាក់១៧៦ ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បន្ដថា «ពួកយើងប្រមូលផ្ដុំហ្វឹកហាត់បានរយៈពេល ៦ថ្ងៃមកហើយ ហើយការប្រកួតមិត្តភាពអន្ដរជាតិជាមួយហុងកុងនេះ គឺជាការប្រកួតមួយដ៏ល្អ ព្រោះហុងកុង គេខ្លាំងជាងយើង ។ អ៊ីចឹងវាជាការប្រកួតប្រជែងមួយ ដែលយើងចង់លេងជាមួយហុងកុង ដើម្បីពង្រឹងក្រុមជម្រើសជាតិកម្ពុជារបស់យើង ។

ដោយឡែកសមាជិកក្រុមគោព្រៃ កីឡាករ ជួន ចាន់ចាវ បានលើកឡើងថា «ការប្រកួតថ្ងៃស្អែក គឺជាការប្រកួតមួយធំ និងពិបាក ប៉ុន្ដែខ្ញុំជឿជាក់លើមិត្តរួមក្រុម និងគ្រូបង្វឹកថា យើងអាចធ្វើបាន ។ បើយើងមើលប្រវត្តិជួបគ្នាកន្លងមក យើងអត់ដែលឈ្នះហុងកុងទេ ។ អ៊ីចឹងខ្ញុំគិតថា គឺជាពេលមួយ ដែលយើងត្រូវធ្វើអ្វីមួយថ្មី ធ្វើអ្វីមួយដើម្បីកែប្រែលទ្ធផល ព្រោះយើងចង់ឈ្នះការប្រកួតនេះ»

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិចំនួន ២ ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ជុំទី១ ដែលកម្ពុជា ជួបប៉ាគីស្ថាន នាខែតុលាខាងមុខ ក្នុងនោះគឺការប្រកួតមិត្តភាពជាមួយហុងកុង នាព្រលប់ថ្ងៃទី០៧ ខែកញ្ញាស្អែក មុនបន្ដជួបក្រុមម៉ាកាវ នាថ្ងៃទី១១ ខែកញ្ញាខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិកតែមួយគត់ ៕