(មេនឆេស្ទើ)៖ ខ្សែការពារក្លិបបិសាចក្រហម Manchester United កីឡាករ Eric Bailly បានផ្លាស់ទៅលេងឲ្យក្លិប Besiktas របស់តួកគីហើយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

កីឡាករអន្តរជាតិកូឌីវ័រ វ័យ ២៩ឆ្នាំខាងលើនេះ មិនស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការ Erik ten Hag សម្រាប់រដូវកាលនេះទេ ហើយបានចំណាយពេលរដូវកាលមុន លេងខ្ចីជើងនៅក្លិប Marseille របស់បារាំងផងដែរ។

Bailly បានចូលរួមជាមួយបិសាចក្រហម ដោយផ្ទេរមកពីក្លិប Villarreal របស់អេស្ប៉ាញកាលពីខែមិថុនា ឆ្នាំ២០១៦ដោយបានបង្ហាញខ្លួន ១១៣លើក និងស៊ុតបាន ១គ្រាប់ផងដែរ មុនជួបបញ្ហាញាំញីដោយរបួស។

សូមជម្រាបថា Bailly គឺជាកីឡាករទី២ ហើយរបស់ Man Utd ដែលបានផ្ទេរទៅលេងនៅតួកគី បន្ទាប់ពីក្លិប Fenerbahce បាននាំយកកីឡាករ Fred កាលពីខែសីហា ឆ្នាំ២០២៣។ ក្លិបលេងនៅលីគកំពូលតួកគី ត្រូវរង់ចាំដល់ថ្ងៃទី១៥ ខែកញ្ញា ទើបអាចបញ្ចូលឈ្មោះ Bailly ទៅក្នុងក្រុមបាន៕