(ម៉ាទ្រីដ)៖ ក្លិបនាវាមុជទឹកអេស្ប៉ាញ Villarreal បានឈានដល់ផ្លូវបំបែកជាមួយអ្នកចាត់ការទូទៅលោក Quique Setien ជាផ្លូវការហើយ បន្ទាប់ពីការចាប់ផ្តើមដ៏ខកចិត្តសម្រាប់រដូវកាលថ្មី ដោយលេងឈ្នះតែ ១លើក និងចាញ់៣ ក្នុងចំណោម ៤ប្រកួតរបស់ពួកគេនៅ La Liga។

លោក Setien បានចូលរួមជាមួយ Villarreal កាលពីខែតុលា ឆ្នាំ២០២២ បន្ទាប់ពីអតីតអ្នកចាត់ការ Unai Emery បានលាឈប់ ដើម្បីទៅដឹកនាំក្លិបអង់គ្លេស Aston Villa ដែលលេងនៅលីគ Premier League។

ស្ថិតក្រោមការដឹកនាំរបស់លោក Setien ក្លិប Villarreal បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៥ ក្នុងលីគ La Liga នារដូវកាលមុន ដោយបានធ្លាក់ចេញក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពាន Copa del Rey ក្រោយចាញ់គូប្រជែង Real Madrid និងមានលទ្ធផលដូចគ្នាក្នុងពាន UEFA Conference League ក្រោយចាញ់ក្រុម Anderlecht របស់ប៊ែលហ្សិក។

នាយកផ្នែកកីឡា លោក Miguel Angel Tena នឹងទទួលតំណែងជាអ្នកចាត់ការបណ្តោះអាសន្ន ដោយចាប់ផ្តើមពីថ្ងៃពុធនេះតទៅ។

សូមជម្រាបថា លោក Setien វ័យ ៦៤ឆ្នាំរូបនេះ ក៏ធ្លាប់ជាអ្នកចាត់ការនៅក្លិប FC Barcelona, Real Betis និងក្លិប Las Palmas ផងដែរ បន្ទាប់ពីចាប់ផ្តើមអាជីពជាអ្នកចាត់ការនៅក្លិប Racing Santander៕