(មីឡាន)៖ គ្រូបង្វឹកក្លិប Inter Milan លោក Simone Inzaghi បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ១រដូវកាល បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នារដូវកាលនេះ។

បើតាមក្លិបលេងនៅលីគអ៉ីតាលី Serie A បានប្រកាសដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា Channel News Asia បានឲ្យដឹងថា កិច្ចសន្យាថ្មីនេះដែរ នឹងផុតកំណត់ដល់ឆ្នាំ២០២៥ ខាងមុខ។

បុរសសញ្ជាតិអ៉ីតាលី វ័យ ៤៧ឆ្នាំរូបនេះ បានចាប់ផ្តើមអាជីពជាអ្នកចាត់ការរបស់លោកនៅក្លិប Lazio មុនពេលផ្លាស់មកដឹកនាំ Inter ក្នុងឆ្នាំ២០២១។
ស្នាដៃរបស់លោក Inzaghi បានដឹកនាំ Inter ដណ្តើមបានពានរង្វាន់ Coppa Italia ក្នុងរដូវកាល ២០២១-២២ និង២០២២-២៣, ពានរង្វាន់ Supercoppa Italiana ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ និងបានដឹកនាំក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ដោយពួកគេបានចាញ់ក្រុម Manchester City ក្នុងលទ្ធផល ១-០។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប Inter Milan បានបញ្ជាក់ថា «Inter Milan ពិតជាមានសេចក្តីសោមនស្សពន់ពេក ក្នុងការបន្តកិច្ចសន្យាថ្មីជាមួយលោក Simone Inzaghi។ សូមថ្លែងអំណរគុណចំពោះកិច្ចព្រមព្រៀង ក្នុងការដឹកនាំក្រុមរហស្សនាម Nerazzurri រហូតដល់ឆ្នាំ២០២៥»