(បរទេស)៖ ក្រុមហ៊ុន Apple បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយក្រុមហ៊ុន Arm សម្រាប់បច្ចេកវិទ្យាបន្ទះឈីប ដែលកិច្ចព្រមព្រៀងនេះត្រូវបានពង្រីកដល់ឆ្នាំ ២០៤០ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។

Arm ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបមួយ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្ស SoftBank Group បានឈានជើងចូលទីផ្សារមូលបត្រកាលពីដើមសប្ដាហ៍នេះដោយទទួលបានតម្លៃរហូតដល់ ៥២ពាន់លានដុល្លារអាមេរិក និងជាតម្លៃ IPO មួយដ៏ខ្ពស់នៅក្នុងទីផ្សារអាមេរិក និងសម្រាប់ក្រុមហ៊ុន​បច្ចេកវិទ្យា។

តាមរយៈកិច្ចព្រមព្រៀងថ្មីជាមួយនឹងក្រុមហ៊ុន Apple នេះ គឺ Arm ត្រូវទទួលបន្ទុកក្នុងការផលិតបន្ទះឈីបសម្រាប់ឧបករណ៍របស់ Apple ដែលមានដូចជា iPhone, iPad និង​ Mac ប៉ុន្តែគេមិនបានដឹងច្បាស់នោះទេថា បន្ទះឈីបនោះជាប្រភេទអ្វីឡើយ។

Apple និង Arm ត្រូវបានគេដឹងថា ជាមហាមិត្តដែលបានបង្កើតកិច្ចព្រមព្រៀងក្នុងការផលិតបន្ទះឈីប​តាំងពីឆ្នាំ១៩៩០មកម្ល៉េះ ហើយបានបន្តកិច្ចទំនាក់ទំនងរហូតមកដល់បច្ចុប្បន្ន។

ថ្មីៗនេ Reuters ក៏បានចេញផ្សាយផងដែរថា ក្រុមហ៊ុន Apple មិនត្រឹមតែជា​ដៃគូសហការដ៏ធំរបស់ Arm ប៉ុណ្ណោះទេ ថែមទាំងជាម្ចាស់ភាគហ៊ុនមួយនៅក្នុងក្រុមហ៊ុន Arm ផងដែរ ដោយបានវិនិយោគទុកប្រមាណ ៧៣៥លានដុល្លារអាមេរិកទៅលើការទិញ IPO របស់​ Arm៕