(រីយ៉ាដ)៖ ក្រុមបាល់ទាត់មេឃខៀវ Manchester City ដែលជាជើងឯកពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលមុន អាចពើបប្រទះគូប្រជែង Club Leon ឬក៏ Urawa Reds នៃពាន FIFA Club World Cup ឆ្នាំ២០២៣ ជាលើកដំបូងសម្រាប់ពួកគេ។

ក្នុងពិធីចាប់គូប្រកួតនាយប់មិញនេះក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតនោះ ក្រុមជើងឯកអង់គ្លេសខាងលើនេះ នឹងចាប់ផ្តើមយុទ្ធនាការ Club World Cup 2023 ចាប់ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៅ ក្នុងចំណោម ៧ក្រុមចូលរួម និងលេងតំណាងឲ្យទ្វីបអឺរ៉ុបទាំងមូលផងដែរ ដ្បិតគូប្រជែង Club Leon របស់មិចសិចជាជើងឯក CONCACAF Champions មកពីតំបន់អាមេរិកខាងជើង ហើយ Urawa Reds Diamond របស់ជប៉ុនវិញ ជាជើងឯកប្រចាំទ្វីបអាស៊ី គឺពាន AFC Champions League។

ការប្រកួតនេះដែរ នឹងធ្វើឡើងតែ ១២ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសអារ៉ាប៊ីសាអូឌីតតែមួយគត់នៅទីក្រុង Riyadh គ្រាដែល Jeddah ជាក្រុមលេងតំណាងឲ្យម្ចាស់ផ្ទះ។

គួរបញ្ជាក់ផងថា នេះជាការប្រកួតគម្រប់ខួប ២០ឆ្នាំនៃ FIFA Club World Cup ហើយក៏ជាឆ្នាំចុងក្រោយសម្រាប់ពានជារៀងរាល់ឆ្នាំនេះផងដែរ ដ្បិតចាប់ពីឆ្នាំ២០២៥ តទៅ ពាននេះនឹងលេងរៀងរាល់ ៤ឆ្នាំម្តង និងមាន ៣២ក្រុមចូលរួម។

ពាននេះក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ គឺតែងតែឈ្នះដោយក្រុមមកពីអឺរ៉ុបជានិច្ច ដែលមានដូចជា Manchester United, Liverpool និងតោខៀវ Chelsea របស់អង់គ្លេស នៅពេល Real Madrid របស់អេស្ប៉ាញឈ្នះកាលឆ្នាំទៅ តាមរយៈបំបាក់ក្រុម Al-Hilal របស់អារ៉ាប៊ីសាអូឌីត ៥-៣ នៅទីក្រុង Rabat ប្រទេសម៉ារ៉ុក៕