(ម៉ាឌ្រីដ)៖ លោក Jorge Vilda គ្រូបង្វឹកដឹកនាំក្រុមបាល់ទាត់ស្រ្តីអេស្ប៉ាញ ដណ្តើមបានជើងឯក FIFA Women’s World Cup 2023 ជាលើកដំបូងសម្រាប់ពួកគេ ត្រូវបានដកតំណែងជាផ្លូវការហើយ ជុំវិញរឿងអាស្រូវនៃប្រធានសហព័ន្ធ គឺលោក Luis Rubiales។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងនៅថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នេះថា លោកស្រី Montse Tome នឹងចូលកាន់តំណែងរបស់លោក Vilda វិញ ដែលបានក្លាយជាស្រ្តីដំបូងគេ ក្នុងការដឹកនាំក្រុមនារីអេស្ប៉ាញ។

ទន្ទឹមគ្នានោះដែរ សមាជិកបង្វឹកដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Vilda ក៏បានដាក់ពាក្យលាឈប់ផងដែរ ស្របពេលមានកីឡាករដល់ទៅ ៨១នាក់បានបដិសេធមិនលេងឲ្យជម្រើសជាតិអេស្ប៉ាញឡើយ បរាបណារឿងអាស្រូវរបស់ប្រធានសហព័ន្ធនៃប្រទេសនេះ មិនទាន់ត្រូវបានដោះស្រាយនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ក្នុងការ ដកតំណែងលោក Jorge Vilda នោះទេ ដោយបានលើកឡើងយ៉ាងខ្លីថា «លោក Jorge Vilda ពិតជាមានស្នាដៃខ្លាំងណាស់ ក្នុងការជួយស្រ្តីអេស្ប៉ាញល្បីរន្ទឺ និងជាមនុស្សដ៏គួរឲ្យគោរពនៅក្នុងវិស័យបាល់ទាត់»

យ៉ាងនេះក្តី ការបញ្ចប់តំណែងបុរសវ័យ ៤២ឆ្នាំ Vilda ត្រូវបានគេមើលឃើញថា ក៏ព្រោះតែរូបលោកអាចជាសម្ព័ន្ធមិត្តនឹងលោក Rubiales៕