(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវបើកយុទ្ធនាការប្រកួតជម្រុះជើងឯកយុវជនអាស៊ី AFC U23 Asian Cup Qatar 2024 ពូលJ ដោយត្រូវជួបក្រុមជម្រើសជាតិ U23 លីបង់មុនគេ នាម៉ោង ៨យប់នេះ(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Prince Sultan Bin Abdulaziz Sports City ប្រទេសអារ៉ាប់ប៊ីសាអូឌីត ។

នេះគឺជាការប្រកួតបើកឆាកពូល J ដែលមានបេក្ខភាព ៤ក្រុមចូលរួម គឺមានក្រុមគោព្រៃជំទង់កម្ពុជា, លីបង់, ម៉ុងហ្គោលី និងក្រុមម្ចាស់ផ្ទះ U23 អារ៉ាប់ប៊ីសាអូឌី ដែលត្រូវប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយ នាឆ្នាំ២០២៤ នៅប្រទេសកាតា ។ ការប្រកួតជម្រុះនេះ នឹងធ្វើឡើងពីថ្ងៃទី០៦-១២ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្រុមជម្រើសជាតិកម្ពុជា បានទៅដល់អារ៉ាប់ប៊ីសាអូឌី កាលពីច័ន្ទដើមសប្ដាហ៍នេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន លោក Gyotoku Koji ។ បន្ទាប់ពីជួប U23 លីបង់យប់នេះ កម្ពុជា នឹងបន្ដជួបក្រុម U23 ម៉ុងហ្គោលី នាថ្ងៃទី០៩ ខែកញ្ញា មុនការប្រកួតបញ្ចប់ពូលជាមួយក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី១២ ខែកញ្ញាខាងមុខ ៕