(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google និង Meta កំពុងប្រឈមមុខនឹងច្បាប់ថ្មីនៅអឺរ៉ុបជាបន្តបន្ទាប់ ដោយថ្មីៗនេះប្រទេសម៉ាឡេស៊ីបន្ទាប់មួយទៀតបានឱ្យដឹងថា ខ្លួនកំពុងពិចារណាទៅលើច្បាប់ថ្មីដែលតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះបង់ប្រាក់សម្រាប់មាតិកាព័ត៌មានរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃ០៥ ខែកញ្ញា ឆ្នាំ២០២៣។

គណៈកម្មការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី (MCMC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសម៉ាឡេស៊ីកំពុងពិភាក្សាជាមួយ Google និង Meta រួមទាំងភ្លេតហ្វមអនឡាញធំៗផ្សេងទៀតលើក្របខណ្ឌច្បាប់។ MCMC បានបន្ថែមទៀតថា បទប្បញ្ញត្តិដែលបានស្នើឡើងនឹងមានលក្ខណៈស្រដៀងគ្នាទៅនឹងច្បាប់នៅក្នុងប្រទេសអូស្រ្តាលី និងកាណាដាដែលកំពុងតែដាក់ទៅលើ Facebook បច្ចុប្បន្ននេះ។

គួរជម្រាបដែរថា Google និង Meta បានជំទាស់នឹងច្បាប់ដែលបានស្នើឡើង ដោយលើកហេតុផលថាច្បាប់នេះនឹងរារាំងការច្នៃប្រឌិត និងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។ ជុំវិញព័ត៌មានលម្អិតនៅមិនទាន់ត្រូវបានបញ្ជាក់នោះទេ តែបើតាមបទពិសោធន៍កន្លងមកប្រសិនបើច្បាប់នោះត្រូវបានអនុម័តពិតមែន Google និង Meta ទំនងជាអាចនឹងបិទភ្លេតហ្វមរបស់ពួកគេនៅទីនោះដូចទៅនឹងកាណាដាអ៊ីចឹង៕