(កូរ៉េ)៖ តារាចម្រៀង K-pop IU ត្រូវបានរាយការណ៍មកថា ហាក់ធូរចិត្តបន្តិចហើយ ជុំវិញករណីផលិតករមិនបញ្ចេញអត្តសញ្ញាណម្នាក់ប្តឹងនាង ពីបទលួចចម្លងស្នាដៃចម្រៀងកាលពីដើមឆ្នាំនេះ ខណៈថ្មីៗនេះអ្នកជំនាញផ្នែកច្បាប់ បានអះអាងថា ករណីនេះមិនជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreatimes នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុមហ៊ុនមេធាវីតំណាងឲ្យតារាចម្រៀង IU បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទសប្តាហ៍នេះ ដោយបញ្ជាក់ថា ប៉ូលីសបានសម្រេចចិត្តមិនស៊ើបអង្កេតការចោទប្រកាន់នេះទេ ពីព្រោះការអះអាងរបស់ដើមបណ្តឹង មិនមែនជាការចោទប្រកាន់ព្រហ្មទណ្ឌ។ ក្នុងចំណោមបទចម្រៀងទាំងប្រាំមួយបទ, IU បានចូលរួមក្នុងការផលិតតែមួយបទប៉ុណ្ណោះ ហើយសូម្បីតែនៅក្នុងបទចម្រៀងនោះ នាងក៏មិនបានចូលរួមក្នុងផ្នែក ដែលត្រូវគេចោទប្រកាន់នោះទេ។ នេះបើតាមអ្វីដែលក្រុមហ៊ុនច្បាប់ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន។

ជុំវិញករណីនេះផលិតកម្មរបស់ IU គឺ EDAM Entertainment ក៏បាននិយាយថា ខ្លួននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់ទាំងឡាយណា ដែលគ្មានមូលដ្ឋានត្រឹមត្រូវ។

គួរជម្រាបថាតារាចម្រៀង IU បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០០៨ ជាមួយនឹងអាល់ប៊ុម «Lost and Found»។ បន្ទាប់មកបានចេញអាល់ប៊ុមផ្សេងទៀតគឺ «Real+» និង «Last Fantasy» ក្នុងឆ្នាំ២០១១ ដែលបានធ្វើឲ្យនាងក្លាយជាតារាលេចធ្លោរ និងល្បីឈ្មោះរហូតមកដល់បច្ចុប្បន្ន៕