(ភ្នំពេញ)៖ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ សហការជាមួយក្រុមហ៊ុន Inpay ដែលជាក្រុមហ៊ុន Fintech ដ៏រីកចម្រើនបំផុតមួយនៅទ្វីបអឺរ៉ុប ដើម្បីផ្តល់សេវាកម្មទទួលប្រាក់ ផ្ទេរពីក្រៅប្រទេស មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈ Eurogiro ដែលមានទីតាំងចំនួន ៧០,០០០កន្លែង នៅទូទាំងពិភពលោក។

តាមរយៈការសហការនេះ ប្រជាជនកម្ពុជាអាចដកប្រាក់ ដែលផ្ញើពីក្រៅប្រទេសបានភ្លាមៗ យ៉ាងងាយស្រួល និងមានសុវត្ថិភាពនៅតាមសាខាទាំង ៦១ របស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ។

លោក Thomas Jul ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Inpay មានប្រសាសន៍ថា យើងពិតជារីករាយក្នុងការសហការជាមួយធនាគារប្រៃសណីយ៍កម្ពុជា។ នេះជាជំហានដ៏សំខាន់មួយរបស់យើងក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់ តាមរយៈការផ្តល់លទ្ធភាពជូនធនាគារ ក្នុងការផ្តល់សេវាកម្មទទួលប្រាក់ផ្ទេរពីក្រៅប្រទេសឱ្យកាន់តែមានភាពងាយស្រួល តម្លៃសមរម្យ និងឆាប់រហ័ស។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា ក.អ ក៏បានសម្តែងការសាទរចំពោះកិច្ចសហការនេះផងដែរ ហើយបានបញ្ជាក់ថា កម្ពុជាមានពលរដ្ឋចំណាកស្រុកជាច្រើនដែលត្រូវការផ្ញើប្រាក់ត្រឡប់មកផ្ទះវិញ ដើម្បីផ្គត់ផ្គង់គ្រួសារ។ ជាមួយសេវាកម្មថ្មីនេះធនាគារប្រៃសណីយ៍កម្ពុជា ក.អ មិនត្រឹមតែផ្តល់ជម្រើសកាន់តែទូលំទូលាយសម្រាប់ការផ្ទេរប្រាក់ពីក្រៅប្រទេសប៉ុណ្ណោះទេ វាថែមទាំងរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។ នេះគឺជាមធ្យោបាយដែលងាយស្រួល ជាមួយតម្លៃសេវាសមរម្យសម្រាប់ទីផ្សារ ដើម្បីធានាបាននូវបរិយាបន្នប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេស។

ភាពជាដៃគូនេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ និង ក្រុមហ៊ុន Inpay ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃ និងការច្នៃប្រឌិតខ្ពស់ ដើម្បីបង្កើនទំនាក់ទំនង និងអនាគតកាន់តែប្រសើរ សម្រាប់ប្រជាជនកម្ពុជានៅទូទាំងពិភពលោកផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Inpay ជាក្រុមហ៊ុនផ្តល់សេវាកម្មទូទាត់ឆ្លងប្រទេស ដែលមានតម្លៃសមរម្យ រហ័ស និងមានសុវត្ថិភាព និងមានការិយាល័យចំនួន ៧០,០០០ កន្លែង នៅជុំវិញពិភពលោក ទាំងនៅក្នុងទីប្រជុំជន និងតំបន់ដាច់ស្រយាល ដែលការផ្តល់សេវាហិរញ្ញវត្ថុនៅមានកម្រិត។ នៅឆ្នាំ២០២១ ក្រុមហ៊ុន Inpay ត្រូវបានទទួលស្គាល់ដោយ Financial Times ថាជាក្រុមហ៊ុនដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសដាណឺម៉ាក និងជាក្រុមហ៊ុន Fintech ដែលរីកចម្រើនលឿនបំផុតទី ៦ នៅអឺរ៉ុប។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ គឺជាធនាគារដែលរីកចម្រើនលឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ធនាគារបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០១៣ ក្រោមភាពជាដៃគូយុទ្ធសាស្ត្ររវាង CANADIA Investment Holding Plc. (CIH), ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង Fullerton Financial Capital Pte. (FFC)។ ចាប់តាំងពីការចាប់ផ្តើម រហូតមកដល់បច្ចុប្បន្ន ធនាគារ បានផ្តោតទៅលើទីផ្សារចម្រុះដែលពាំនាំយកបទពិសោធន៍ និងជម្រើសល្អៗជុំវិញពិភពលោក មកអនុវត្ត ដើម្បីឱ្យធនាគារស្ថិតនៅជួរមុខលើគំនិតផ្តួចផ្តើមផ្នែកបច្ចេកវិទ្យា។

ធនាគារ បានកំណត់ការជោគជ័យរបស់ខ្លួន មិនត្រឹមតែតួរលេខហិរញ្ញវត្ថុតែប៉ុណ្ណោះទេ គឺបានកំណត់គោលដៅអភិវឌ្ឍន៍ទៅមុខលើគ្រប់ផ្នែកឱ្យក្លាយជាធនាគារមានភាពប្រកួតប្រជែងទីបំផុតមួយ ដើម្បីបំពេញនូវសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា។ ធនាគារ ប្រៃសណីយ៍កម្ពុជា ប្តេជ្ញាក្នុងការរចនា និងផ្តល់ជូននូវផលិតផលហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតសម្រាប់អតិថិជនរបស់ខ្លួន និងកំណត់ស្តង់ដារសេវាកម្មអតិថិជនល្អបំផុតក្នុងប្រទេសកម្ពុជា៕