(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសសហការជាមួយក្រុមហ៊ុន AIA ដើម្បីរៀបចំព្រឹត្តិការណ៍រត់ប្រណាំង អបអរសាទរភាពជោគជ័យ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ និងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ដល់ស្ដ្រី ដែលកំពុងមានការរីករាលដាលលើពិភពលោក ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់លក្ខណៈកម្សាន្ដ ដើម្បីអបអរសមិទ្ធផលជាប្រវត្តិសាស្ដ្រ និងលើកកម្ពស់សុខមាលភាពស្ដ្រីនេះ គ្រោងនឹងធ្វើឡើង នាថ្ងៃទី២២ ខែតុលាខាងមុខ នៅរាជធានីភ្នំពេញ បន្ទាប់ពី NOCC បានចុះហត្ថលេខាជាមួយក្រុមហ៊ុនដៃគូ ដើម្បីរៀបចំព្រឹត្តិការណ៍ខាងលើ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបន្ដថា ភាពជាដៃគូនេះ គឺជាការរួមចំណែកថ្មីមួយទៀត ពីវិស័យឯកជន ដើម្បីជំរុញដល់ចលនាអូឡាំពិក ក៏ដូចជាវិស័យអប់រំកាយ និងកីឡា ក្នុងការលើកកម្ពស់សុខមាលភាពយុវជន និងប្រជាពលរដ្ឋទូទៅផង និងជំរុញការអភិវឌ្ឍវិស័យកីឡាជំនាញកម្រិតខ្ពស់ផងដែរ ។ ដូច្នេះក្នុងនាមគណៈកម្មការរៀបចំ នឹងអញ្ជើញកីឡាករ-កីឡាការិនីជម្រើសជាតិ និងតាមសហព័ន្ធទាំងអស់ ដើម្បីរត់ប្រណាំង AIA Pink Run នាខែក្រោយ ។

ទន្ទឹមជាមួយការរៀបចំព្រឹត្តិការណ៍អបអរសាទរភាពជោគជ័យស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងស្ងើចសរសើរកម្ពុជាមិនដាច់នេះ ក្នុងនាមដៃគូរៀបចំ AIA ក៏នឹងមានរៀបចំក្រុមគ្រួពេទ្យ ដើម្បីពិនិត្យសុខភាព ក្នុងការស្វែងរកជំងឺ និងណែនាំពីវិធីសាស្ដ្របង្ការជំងឺមហារីកសុដន់ដល់ស្ដ្រី រយៈពេល ៣ថ្ងៃ មុនកម្មវិធីរត់ផងដែរ ពោលគឺចាប់ពីថ្ងៃទី១៩-២១ ខែតុលា ។ តាមរយៈនេះ គណៈកម្មការរៀបចំ ក៏បានអំពាវនាវដល់ស្ដ្រី ឲ្យត្រៀមទទួលសេវាពិនិត្យដោយឥតគិតថ្លៃនេះទាំងអស់គ្នា ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន ៕