(ភ្នំពេញ)៖ កីឡាករ សៀង ចន្ធា បានធ្វើដំណើរមកដល់កម្ពុជាវិញហើយ កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅ ក្រោយចេញទៅប្រកបអាជីពជាមួយក្លិប AL Shahaniya នៃលីគទី២ នៃប្រទេសកាតា ។ ដំណើរមកកាន់មាតុភូមិលើកនេះ គឺដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតមិត្តភាពអន្ដរជាតិ ២ប្រកួត ដែលត្រូវជួបក្រុមហុងកុង និងម៉ាកាវ នាថ្ងៃទី៧ និងថ្ងៃទី១១ ខែកញ្ញាខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

មុនចូលជំរំហ្វឹកហាត់ជាមួយក្រុមគោព្រៃត្រៀមការប្រកួតមិត្តភាពខាងលើ សៀង ចន្ធា បានបញ្ជាក់ថា រយៈពេលជាង ១ខែ ដែលខ្លួនបានចូលរួមជាមួយក្លិបថ្មីនៅកាតា ខ្លួនបានស្រកអស់ជាង ៥គីឡូ ដោយសារមិនស្របខ្លួន ទាំងពេលវេលា និងការហូបចុក ស្របពេលមានការហ្វឹកហាត់ខ្លាំង ។ យ៉ាងណាក្ដី គេបានមើលឃើញភាពរីកចម្រើនមួយចំនួន ពិសេសផ្នែកកម្លាំង បន្ទាប់ពីមានការសម្របសម្រួលរបស់ក្រុមការងារគ្រូ ។

កីឡាករមានប្រភពពីខេត្តកោះកុងរូបនេះ បន្ដថា «ខ្ញុំសប្បាយចិត្ត ដែលបានបទពិសោធន៍ថ្មី ក្នុងការចេញទៅលេងនៅលីគកាតា និងមានការប្រកួតប្រជែងខ្លាំង ហើយមានឱកាសលេង និងរកបានគ្រាប់បាល់ថែមទៀត...។ អ្វីដែលជាការខុសប្លែក បន្ទាប់ពីការហ្វឹកហាត់ជាង ១ខែនៅទីនោះ(កាតា) គឺកម្លាំង ព្រោះនៅទីនោះ បើនិយាយពីតាក់ទិច គេលេងប្រកួតប្រជែងច្រើនខ្លាំង ។ អ៊ីចឹងធ្វើឲ្យកម្លាំងរបស់យើងកាន់តែកើនឡើងដូចគ្នា»

ក្រឡេកមកចាប់អារម្មណ៍ការត្រឡប់មកជួយក្រុមគោព្រៃកម្ពុជាវិញ ចន្ធា សង្ឃឹមថា ខ្លួននឹងធ្វើបានកាន់តែប្រសើរ បន្ទាប់ពីការហ្វឹកហាត់ខ្លាំងនៅកាតា ។ ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំរូបនេះ បន្ថែមថា «ខ្ញុំសប្បាយចិត្ត ដែលបានត្រឡប់មកកម្ពុជា ជួយក្រុមជម្រើសជាតិ។ ខ្ញុំនឹងធ្វើអ្វីមួយ ដែលអ្នកគាំទ្រចង់បាន ហើយបង្ហាញពីអ្វីដែលខ្ញុំបានហាត់នៅកាតា ។ ខ្ញុំរំពឹងថា អាចនឹងប្រសើរ បន្ទាប់ពីហ្វឹកហាត់នៅទីនោះ ចំពោះអ្វីដែលបានជួបប្រទះ ដូចជាការហ្វឹកហាត់ខ្លាំងជាដើម»

ចុងក្រោយ សៀង ចន្ធា រំពឹងថា ប្រសិនបើខ្លួន បន្ស៊ាំ និងខំប្រឹងហ្វឹកហាត់បន្ថែមទៀត ខ្លួននឹងមានឱកាសច្រើនសម្រាប់ការប្រជែងកៅអីជម្រើស ១១នាក់ដំបូង ដ្បិតបច្ចុប្បន្នរូបគេទើបសម្របខ្លួនបានប្រមាណ ៥០ ទៅ ៦០% ប៉ុណ្ណោះ ។ ចន្ធា និយាយថា «នៅទីនោះ បើខ្ញុំស៊ាំបន្ដិចទៀត ខ្ញុំគិតថា វាល្អសម្រាប់ខ្ញុំមែនទែន ។ ខ្ញុំអាចនិយាយបានថា យើងខំប្រឹងហាត់ ហើយយើងស៊ាំ ខ្ញុំអាចបង្ហាញខ្លួនជម្រើស ១១ដំបូងច្រើន ដើម្បីឲ្យគេមើលឃើញពីសមត្ថភាពរបស់យើង»

គួរដឹងថា សៀង ចន្ធា បានផ្ទេរទៅក្លិប AL Shahaniya កាលពីចុងខែកក្កដា ក្រោមលក្ខខណ្ឌខ្ចីជើង ១រដូវកាលពីក្លិបនាគខៀវបឹងកេត ។ មុនត្រឡប់មកកម្ពុជា ដើម្បីជួយក្រុមជម្រើសជាតិ ចន្ធា បានបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការ និងរកបានគ្រាប់បាល់ដំបូង ដោយរកបាន ១គ្រាប់ រួមចំណែកជួយឲ្យក្រុម AL Shahaniya យកឈ្នះក្រុម Muaither SC ដោយលទ្ធផល ៧-០ នៃពានរង្វាន់ Qatar FA Cup 2023 កាលពីចុងសប្ដាហ៍កន្លងទៅ ៕