(បរទេស)៖ បេក្ខភាពពានរង្វាន់ Emmy- Award លោក Percy Hynes White ត្រូវបានរាយការណ៍មកថា ចាកចេញពីខ្សែភាពយន្តល្បីរបស់ Netflix «Wednesday» បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទ «រំលោភបំពានផ្លូវភេទ» លើនារីម្នាក់នៅឯពិធីជប់លៀងមួយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Daily Mail នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។

តារាសម្តែងជនជាតិកាណាដាអាយុ ២២ឆ្នាំរូបនេះ បានដើរតួជា Xavier Thorpe ក្នុងរឿង «Wednesday» ក្នុងនាមជាសិស្សសាលាម្នាក់។ តារាសម្ដែងវ័យក្មេងរូបនេះត្រូវបានគេចោទប្រកាន់ ពីចេតនាលួងលោមយកស្ត្រីម្នាក់ក្នុងពិធីជប់លៀង ដែលសភាពស្រវឹងដើម្បីរួមភេទ។ នារីម្នាក់បានបង្ហោះសារ ដោយអះអាងថា នាងត្រូវបានតារាប្រុសរូបនេះរំលោភ បន្ទាប់ពីចេញពីពិធីជប់លៀងមួយ...។ តែយ៉ាងណា ទាំងតារារូបនេះផ្ទាល់ និងឪពុកម្តាយរបស់លោក បានចេញមកបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា «គ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ» ខណៈអ្នកគាំទ្រ និងមិត្តរបស់តារារូបនេះ ក៏បានចេញមុខធានាពីភាពត្រឹមត្រូវរបស់លោកផងដែរ។

បន្ទាប់ពីមានពាក្យចចាមអារ៉ាមនេះ ក្រុមហ៊ុន Netflix បានទម្លាក់លោកចេញពីការថតរឿងរបស់ខ្លួន ខណៈអ្នកគាំទ្រថា ការសម្រេចចិត្តនេះមិនត្រឹមត្រូវទាល់តែសោះ ត្បិតគ្រាន់តែជាពាក្យចចាមអារ៉ាម ដែលមិនមានមូលដ្ឋានត្រឹមត្រូវ ខណៈ Neflix អះអាងថា ដោយសារតែការវាយប្រហារនៅពេលនេះ កំពុងក្លាយជារឿងវែកញែកច្រើនក្នុងហូលីវូដ ទើបមិនទាន់មានការសម្រេចចិត្តណាមួយ ដើម្បីឲ្យតារារូបនេះមានការសម្តែងបន្តទៀត៕