(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានឱ្យដឹងថាខ្លួននឹងទៅបើកមជ្ឈមណ្ឌល ទិន្នន័យ (cloud data center) នៅក្នុងរដ្ឋធានី រីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងគោលបំណងបង្កើនការផ្តល់សេវាអនឡាញរបស់ខ្លួននៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង (MENA)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា មជ្ឈមណ្ឌលទិន្នន័យថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលទី៣០ របស់ Huawei នៅទូទាំងពិភពលោក និងដំបូងគេនៅអារ៉ាប៊ីសាអូឌីត។ វានឹងគាំទ្រសេវាកម្មរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងអនុញ្ញាតឱ្យមានកម្មវិធីបញ្ញាសិប្បនិម្មិត (AI) និងគំរូភាសាជាភាសាអារ៉ាប់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះវាក៏នឹងត្រូវបានប្រើដើម្បីរៀបចំសេវាកម្ម cloud computing របស់ក្រុមហ៊ុន Huawei ដែលផ្តល់ជូននូវកម្មវិធី និងសេវាកម្មជាច្រើន រួមទាំងការផ្ទុកទិន្នន័យ កុំព្យូទ័រ និងបណ្តាញ network ថែមទៀតផង។

យ៉ាងណាមិញជុំវិញគម្រោងវិនិយោគទុកប្រភពមិនបានធ្វើការបញ្ជាក់នោះទេ តែបើតាមរបាយការណ៍កាលពីខែកុម្ភៈកន្លងទៅក្រុមហ៊ុន Huawei ធ្លាប់បានលើកឡើងថា ខ្លួននឹងវិនិយោគប្រមាណ ៤០០លានដុល្លារសម្រាប់មជ្ឈមណ្ឌលទិន្នន័យអារ៉ាប៊ីសាអូឌីត។ ដូច្នេះមានន័យថា ទុនវិនិយោគអាចមានប្រហាក់ប្រហែលនេះ ឬលើសនេះ៕