(បរទេស)៖ លោក Jose Peseiro បានព្រមព្រៀងជាមួយសហព័ន្ធបាល់ទាត់នីហ្សេរីយ៉ា (NFF) ក្នុងការកាត់ប្រាក់ពលកម្មប្រចាំខែពី ៧០០០០ដុល្លារ មកនៅត្រឹម ៥០០០០ដុល្លារក្នុង ១ខែវិញ ដើម្បីបន្តកាន់តំណែងអ្នកចាត់ការទូទៅក្រុមខ្លាំងមួយនៅតំបន់អាហ្រ្វិកមួយនេះទៀត។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងនៅថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នេះថា មែនទែនទៅកិច្ចសន្យាចាស់របស់បុរសវ័យ ៦៣ឆ្នាំសញ្ជាតិព័រទុយហ្គាល់ខាងលើនេះ បានអស់សុពលភាពនាខែមិថុនា ឆ្នាំ២០២៣ នេះទៅហើយ ស្របពេលដែល NFF ក៏បានបញ្ជាក់ពីការអស់លទ្ធភាពជួលលោក Peseiro បន្តទៀតដែរ។

យ៉ាងនេះក្តី ក្រោយពីការចរចាត្រូវរ៉ូវគ្នា NFF ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ដែរថា លោក Jose Peseiro បានព្រមព្រៀងក្នុងការកាត់ប្រាក់ឈ្នួលមួយចំនួន និងបន្តដឹកនាំក្រុមនីហ្សេរីយ៉ា លេងពានប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations ជុំចុងក្រោយនាខែមករា ឆ្នាំ២០២៤ ដែលមានប្រទេសកូដឌីវ័រធ្វើម្ចាស់ផ្ទះ។

ទោះបីដណ្តើមបានកៅអីលេងពាន Afcon នាឆ្នាំក្រោយពិតមែន ក៏ប៉ុន្តែលោក Peseiro ក៏ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអ្នកគាំទ្ររិះគន់យ៉ាងចាស់ដៃផងដែរ ក៏ព្រោះមិនអាចដឹកនាំនីហ្សេរីយ៉ាឡើងទៅលេង World Cup 2022 ជុំចុងក្រោយនៅប្រទេសកាតាបាន ក្រោយពេលរកបានជ័យជម្នះ ៤លើក និងចាញ់ ៥លើកផងដែរស្ថិតក្រោមការដឹកនាំ របស់លោក៕