(រីយ៉ាដ)៖ បណ្តាក្លិបដែលលេងនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League នឹងធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់ ដើម្បីប្រកួតក្នុងក្របខណ្ឌ Asian Champions League បន្ទាប់ពីសហព័ន្ធបាល់ទាត់អាស៊ីបានឲ្យដឹងថា ការប្រកួតរវាងបណ្តាក្រុមមកពីប្រទេសទាំងពីរ នឹងត្រូវធ្វើឡើងជាមូលដ្ឋានម្ចាស់ផ្ទះ និងក្រៅទឹកដីជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៦។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។

ការប្រកាសនេះ មានន័យថា ក្លិប Al-Nassr ដែលកីឡាករ Cristiano Ronaldo កំពុងលេងនោះ នឹងប្រកួតបើកឆាកយុទ្ធនាការពានរង្វាន់ Asian Champions League របស់ពួកគេ នៅកីឡដ្ឋាន Azadi Stadium ស្ថិតក្នុងទីក្រុង Tehran ទល់នឹងក្រុម Persepolis នាថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះ, ស្របពេលដែលក្លិប Al-Hilal និងក្លិប Al-Ittihad ក៏នឹងធ្វើដំណើរទៅកាន់អ៊ីរ៉ង់ ដើម្បីប្រកួតជម្រុះក្នុងពូលរបស់ពួកគេផងដែរ។

សូមរំលឹកថា ជំនួបការប្រកួតទាំងអស់ ត្រូវបានធ្វើឡើងលើទឹកដីអព្យាក្រឹត ចាប់តាំងពីឆ្នាំ២០១៦មក ដោយសារតែការជាប់គាំងលើភាពទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលមានន័យថា ពលរដ្ឋអារ៉ាប៊ីសាអូឌីត មិនត្រូវបានអនុញ្ញាត ឲ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់នោះទេ៕