(ប៉ាណាម៉ាស៊ីធី)៖ កីឡាករ Gilberto Hernández នៃក្រុមបាល់ទាត់ជម្រើសជាតិប៉ាណាម៉ា ត្រូវបានបាញ់សម្លាប់ នៅក្នុងទីក្រុង Colón ប្រទេសប៉ាណាម៉ា, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។

របាយការណ៍ឲ្យដឹងថា ស្ថិតក្នុងហេតុការណ៍នោះ មានខ្មាន់កាំភ្លើងចំនួន ២នាក់ បានបាញ់ប្រហារទៅលើក្រុមមនុស្សមួយក្រុម ក្នុងចំណោមនោះ ក៏មានកីឡាករ Gilberto Hernández វ័យ ២៦ឆ្នាំម្នាក់ផងដែរ ដែលបានជួបជុំគ្នានៅអគារមួយក្នុងទីក្រុង ហើយនិងមនុស្ស ៧នាក់ផ្សេងទៀត បានទទួលរងរបួស នៅក្នុងការវាយប្រហារនេះ ដែលហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់)។

វាមិនទាន់ច្បាស់នោះទេថា តើកីឡាករបាល់ទាត់ នឹងជាកីឡាករលេងឲ្យក្លិប Club Atlético Independiente ដែរនោះ ជាគោលដៅនៃការបាញ់ប្រហារ ឬក៏អ្វីដែលជាមូលហេតុឲ្យពិតប្រាកដ។

សូមជម្រាបថា ករណីឃាតកម្ម បានមានកើនឡើងនៅទីក្រុង Colón ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈក្រុមក្មេងទំនើងចំនួន ២ក្រុម បានប្រជែងគ្នា ដើម្បីដណ្តើមយកការគ្រប់គ្រងផ្លូវរត់ពន្ធគ្រឿងញៀន។

គិតមកទល់ពេលនេះ សម្រាប់ឆ្នាំ២០២៣ មានមនុស្សជាង ៥០នាក់ហើយ ត្រូវបានគេសម្លាប់ នៅក្នុងទីក្រុង Colón ដែលមានអត្រាប្រជាជនប្រមាណ៤០,០០០នាក់នេះ។

ទីក្រុងកំពង់ផែ ដែលស្ថិតនៅភាគខាងជើងនៃព្រែកជីកប៉ាណាម៉ានេះ គឺជាតំបន់ផ្ទេរសម្រាប់ការជួញដូរកូកាអ៊ីន ពីទ្វីបអាមេរិកកណ្តាល ឆ្លងកាត់ប៉ាណាម៉ា ទៅកាន់ទ្វីបអឺរ៉ុប៕