(ម៉ាឌ្រីដ)៖ ខ្សែការពារឆ្នើមអេស្ប៉ាញ Sergio Ramos ក្នុងវ័យ ៣៧ឆ្នាំ នៅពេលនេះបានវិលមកកាន់ក្លិប Sevilla វិញហើយ ក្រោយចាកចេញអស់រយៈពេល ១៨ឆ្នាំ ដែលជាក្លិបបានចាប់ផ្តើមនៃអាជីពបាល់ទាត់ដំបូងរបស់គេ។ នេះបើតាមប្រភពពីក្លិប ឲ្យដឹងនាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។

Ramos បានចាក់ចេញពីក្លិបបារាំង Paris Saint Germain ក្រោយផុតកិច្ចសន្យារយៈពេល ២រដូវកាល ក្រោយផ្ទេរដោយឥតបង់ថ្លៃ ចេញពីក្លិបយក្ស Real Madrid កាលឆ្នាំ២០២១ ខណៈលោកបានចុះកិច្ចសន្យាជាមួយក្លិបនៃកុមារភាពរបស់លោកនេះ Sevilla ក្នុងរយៈពេលរហូតដល់បញ្ចប់រដូវកាលនេះ។

ជាបណ្តោះអាសន្នក្លិប Sevilla បានឈរបាតតារាងនៃលីគរដូវកាលនេះគិតត្រឹម ៣ប្រកួតដំបូងនេះ ហើយខ្សែការពារ Ramos បានលើកឡើងថា «វាជាថ្ងៃដ៏ពិសេសមួយ នៃការត្រលប់មកផ្ទះវិញ គឺជាការរីករាយដ៏អស្ចារ្យ»

រំលឹកផងថា Sergio Ramos ជាខ្សែការពារសញ្ជាតិអេស្ប៉ាញ ១រូប ដែលបានឈ្នះពានរង្វាន់ពិភពលោក FIFA World Cup ហើយនិងពានអឺរ៉ុប European Championships ដែលបង្ហាញខ្លួន ១៨០ប្រកួតក្នុងរយៈពេល ១៦ឆ្នាំ, ជាមួយការចូលរួមនៅ Real Madrid រូបគេបានឈ្នះពាន La Liga ៥លើក, UEFA Champions League និង FIFA Club World Cup ៤លើកដូចគ្នា៕