(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi បានចេញលក់ស្មាតហ្វូនជំនាន់ថ្មី Redmi 12 ដែលដំណើរការដោយបណ្តាញ 4G និង 5G កាលពីថ្ងៃទី០១ ខែសីហា កន្លងទៅ ដែលជាលទ្ធការលក់រយៈពេលត្រឹមតែ ៤ថ្ងៃក្រុមហ៊ុនចិននេះបញ្ចេញស្មាតហ្វូនរហូតដល់ ៣០០,០០០គ្រឿងឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ចុងក្រោយនេះ Xiaomi បានប្រកាសថាខ្លួនបានលក់ស្មាតហ្វូន Redmi 12 ក្នុងចំនួនច្រើនបំផុតដល់ទៅខ្ទង់ ១លានគ្រឿងនៅក្នុងប្រទេសឥណ្ឌាគិតចាប់ពីថ្ងៃចេញលក់ដំបូងរហូតមកដល់ថ្ងៃទី០៤ ខែកញ្ញានេះមានរយៈពេលត្រឹមតែ ៤សប្តាហ៍ប៉ុណ្ណោះ។

ត្រកូល Redmi 12 មានពីរម៉ូដែលគឺ Redmi 12 ដំណើរការដោយបណ្តាញ 4G និង Redmi 12 ដំណើរការដោយបណ្តាញ 5G ។ Redmi 12 4G ដំណើរការដោយប្រព័ន្ធដំណើរការ MediaTek Helio G88 និងមានអេក្រង់ IPS LCD ទំហំ ៦.៧ អ៊ីញ ជាមួយនឹង Refresh rate 90Hz ។ វាមាន RAM ដល់ទៅ 6GB និងអង្គផ្ទុកទិន្នន័យ 128GB។ Redmi 12 5G ដំណើរការដោយប្រព័ន្ធដំណើរការ Snapdragon 695 និងមានអេក្រង់ IPS LCD ទំហំ ៦.៦ អ៊ីញ ជាមួយនឹង Refresh rate 120Hz ។ វាមាន RAM ដល់ទៅ 8GB និងអង្គផ្ទុកទិន្នន័យ 256GB។

គួរជម្រាបដែរថា Redmi 12 4G/5G គឺជាប្រភេទស្មាតហ្វូនតម្លៃមធ្យម ចំពោះ Redmi 12 4G ចាប់ផ្តើមពីតម្លៃ ១២០ដុល្លារ និង Redmi 12 5G ចាប់ផ្តើមពីតម្លៃ ១៤៥ដុល្លារ តម្លៃក្នុងប្រទេសឥណ្ឌា។ តែយ៉ាងជុំវិញចំនួននៃការលក់មិនត្រូវបាន Xiaomi គូសបញ្ជាក់ថាបានមកពីម៉ូដែលណាច្រើនជាងនោះទេ៕