(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស SpaceX បានសហការជាមួយនឹងក្រុមហ៊ុនផ្កាយរណប Globalstar ដែលជាគូប្រជែងដ៏ខ្លាំងក្លាដើម្បីបាញ់បង្ហោះផ្កាយរណបសម្រាប់មុខងារ Emergency SOS នៅលើ iPhone ខណៈដែលក្រុមហ៊ុនទាំងពីរនេះកំពុងជាប់ក្នុងជម្លោះបទប្បញ្ញត្តិនៅឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AppleInsider នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរនេះត្រូវបានប្រកាសនៅក្នុងឯកសារ SEC ដោយ Globalstar នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។ ក្នុងភាពជាដៃគូររវាង SpaceX និង Globalstar នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៥ ដោយក្នុងនោះ SpaceX ជាអ្នកទទួលបន្ទុកបាញ់បង្ហោះ ចំណែក Globalstar នឹងចំណាយជាប្រាក់ខ្ទង់ ៦៤លានដុល្លារដល់ SpaceX ក្នុងដំណើរការនេះ។

Globalstar គឺជាដៃគូសហការក្នុងដំណើរការ Emergency SOS ដ៏ធំបំផុតរបស់ Apple ដូច្នេះក្នុងកិច្ចសហការនេះ Apple នឹងជាអ្នកចំណាយដ៏ធំបំផុត គិតមកទល់ពេលនេះរបាយការណ៍បញ្ជាក់ថា Apple បានចំណាយប្រមាណ ៩៥ភាគរយនៃការចំណាយសម្រាប់ផ្កាយរណបថ្មី រួមទាំងថ្លៃសេវាបាញ់បង្ហោះរួចទៅហើយដែលត្រូវបានគេហៅថា «Lunch Partner»

មុខងារ Emergency SOS នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ iPhone អាចទាក់ទងសេវាសង្គ្រោះបន្ទាន់បាន បើទោះបីស្ថិតក្នុងតំបន់គ្មានអ៊ីនធឺណិត ឬ Wi-Fi ក៏ដោយ។ ដែលមុខងារ Emergency SOS នេះធ្លាប់បានជួយសង្គ្រោះជីវិតមនុស្សដែលជាប់នៅតំបន់ដាច់ស្រយាលបានជាច្រើនករណីរួចមកហើយ ហើយចំពោះផ្កាយរណបថ្មីនេះត្រូវបានប្រភពរំពឹងនឹងកាន់តែប្រសើរជាងមុន។

គួរជម្រាបដែរថា មុខងារ Emergency SOS របស់ Apple អាចប្រើបានសម្រាប់តែ iPhone ជំនាន់ចុងក្រោយប៉ុណ្ណោះ ពោលគឺមានចាប់ពី iPhone 14 ឡើងទៅ៕