(កណ្ដាល)៖ ផលិតកម្ម Partner Picture នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំតារាសម្ដែងជាច្រើនដួង និងក្រុមការងារ ដើម្បីរៀបចំក្រុងពាលីថតភាពយន្តថ្មី និងអុជធូបបន់ស្រន់សុំម្ចាស់ទឹកម្ចាស់ដី ដល់ទីតាំងថតផ្ទាល់តែម្ដង ដែលស្ថិតនៅចំណុចទូលលោកតាម៉ៅ ក្នុងស្រុកល្វាឯម ខេត្តកណ្ដាល ដែលជាទីតាំងមួយត្រូវបានបងប្អូនប្រជាពលរដ្ឋគោរពបូជា ទៅតាមទំនៀមទំលាប់ជាប្រចាំ។ ដោយសារតែភាពយន្តនេះ ផ្ដោតសំខាន់ទៅលើជំនឿ មន្តអាគមអូមអាម ភ័យរន្ធត់តក់ស្លុត ព្រឺព្រួច និងឈុតឆាកខ្មោចព្រាយច្រើន ទើបផលិតកម្មបានសម្រេចចិត្តជ្រើសយកទីតាំងនេះ ហើយនាំក្រុមការងារទាំងអស់ និងតារាសម្ដែងក្នុងរឿងទៅអុជធូបសុំដោយផ្ទាល់តែម្ដង។

អ្នកនិពន្ធ និងជាផលិតករភាពយន្តរឿង «រង់ចាំ» លោក ហូវ ញ៉ាញ់ ហៅព្រីកា បានថ្លែងប្រាប់ឲ្យដឹងថា ភាពយន្តនេះគ្រាន់តែត្រៀមសាច់រឿង គឺតាំងពីមួយឆ្នាំមុនមកម៉្លេះ ហើយផ្ទៃរឿងទាំងមូល គឺមានឆ្លុះបញ្ចាំងពីសម័យកាល នៃការរស់នៅរបស់មនុស្សពីមួយជំនាន់ទៅមួយជំនាន់ ហើយចាស់ៗពីសម័យដើម គឺមានជំនឿទៅលើមន្តអាគមអូមអាមខ្លាំងណាស់។ លោកថា ដោយសាររឿងបានបង្ហាញច្រើនលើជំនឿគ្រូអាគម ខ្មោចព្រាយ និងឈុតឆាតរន្ធត់ព្រឺព្រួចច្រើន ទើបលោកសម្រេចរើសយកទីតាំងទួលបុរាណមួយកន្លែងនេះ ដែលមានដើមពោធិ៍យ៉ាងធំ និងរោងអ្នកតា ជាទីតាំងថតរឿងជាក់ស្ដែង។ ជាពិសេសថ្ងៃនេះ លោកបានដឹកនាំក្រុមការងារ និងតារាសម្ដែងទាំងអស់មកអុជធូបសុំសេចក្ដីសុខ សុំម្ចាស់ទឹកម្ចាស់ដី ដែលមានអ្នកតាម្ចាស់ស្រុកជាអ្នកថែរក្សាផ្ទាល់។

អ្នកដឹកនាំសម្ដែងវ័យក្មេងរូបនេះបន្តថា សម្រាប់រូបលោកការមានជំនឿ ឬជឿទៅលើមន្តអាគម គឺលោកនៅតែមាន ហើយលោកគិតថា បងប្អូនប្រជាពលរដ្ឋខ្មែរនៅសម័យនេះ ក៏នៅតែមានជំនឿ ឬជឿលើរឿងក្នុងផ្លូវងងឹតណាមួយផ្សេងៗគ្នា គ្រាន់តែអ្នកខ្លះបញ្ចេញ និងអ្នកខ្លះមិនបញ្ចេញប៉ុណ្ណោះ។ យ៉ាងណាមិញ ដូចពាក្យចាស់តែងពោលថា «បើមិនជឿកុំប្រមាថ» ហើយសម្រាប់រូបលោក ការជ្រើសរើសទីតាំងនេះ គឺលោកយល់ឃើញថា ទីនេះគឺជាកន្លែងដ៏ស័ក្តិសិទ្ធិ ប្រជាពលរដ្ឋបានមកគោរពបូជាយ៉ាងទៀងទាត់ ហើយរូបលោក និងក្រុមការងារបានមកពិនិត្យមើលទីតាំងនេះជាច្រើនដង ហើយធ្វើការបន់ស្រន់ ឃើញថាបានដូចក្ដីប្រាថ្នា។

លោក ព្រីកា បានបន្ថែមទៀតថា ទោះបីជាភាពយន្តនេះ ជារឿងដំបូងសម្រាប់រូបលោក ប៉ុន្តែលោកបានជ្រើសរើសតួអង្គយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីឲ្យត្រូវទៅនឹងសាច់រឿង ដែលមានសម័យកាលផ្សេងៗគ្នា ហើយអបីយ៍ជំនឿ គឺនៅតែមានតាមសម័យកាលនីមួយៗ។ លោកបន្តថា ក្នុងសាច់រឿងទោះបីជាលោកបានដាក់បញ្ចូល ជាមួយនឹងឈុតឆាកព្រឺព្រួច ភ័យរន្ធត់ និងមានអបីយ៍ជំនឿលើមន្តអាគមច្រើនក្ដី ប៉ុន្តែលោកក៏បានបញ្ចូលនូវគំនិតអប់រំ ទៅលើជំនឿនេះផងដែរ ដើម្បីឲ្យអ្នកទស្សនា មានការពិចារណាបែងចែកឲ្យបានច្បាស់លាស់ មុននឹងជឿទៅលើអ្វីមួយ ជាពិសេសគឺពេលមានមនុស្សឈឺ។

តាមរយៈសាច់រឿងទាំងមូល អ្នកនិពន្ធវ័យក្មេងរូបនេះ ចង់បង្ហាញឲ្យមហាជនឃើញពីវប្បធម៌ អរីយធម៌ និងជំនឿរបស់ខ្មែរថា ទោះបីជានៅក្នុងសម័យកាលណាក៏ដោយ ជំនឿគឺនៅតែមាន តែមុននឹងជឿ ក៏ត្រូវថ្លឹងថ្លែងពិចារណាដែរ។ ក្នុងនោះលោកក៏បានបង្ហាញឈុតឆាកតាមបែបវិទ្យាសាស្ត្រទំនើបផងដែរ មុននឹងងាកទៅរកមន្តអាគមអូបអាមណាមួយ។

សូមបញ្ជាក់ថា ភាពយន្តរឿង «រង់ចាំ» គ្រោងនឹងថតចប់នៅចុងឆ្នាំ២០២៣នេះ ហើយគ្រោងនឹងដាក់បញ្ចាំងនៅដើមឆ្នាំ២០២៤។ វត្តមានតារាសម្ដែងល្បីៗនៅក្នុងភាពយន្តរួមមាន លោក នូ ឧសភា, កញ្ញា ពេជ្រ ចរណៃ, កញ្ញា យូមិ និងលោក សារី ព្រមទាំងតារាល្បីៗជាច្រើនដួងទៀត៕