(បរទេស)៖ ភាពយន្តនិយាយពីតុក្កតា «Barbie» ដែលជាស្នាដៃដឹកនាំរបស់តារាសម្ដែង និងផលិតករស្រី Greta Gerwig (ក្រេតថា ហ្គើវីក) បានក្លាយជាភាពយន្តដែលរកចំណូលបាន ខ្ពស់បំផុតក្នុងឆ្នាំ២០២៣ បន្ទាប់ពីរកចំណូលបាន ១.៣៨ពាន់លានដុល្លារអាមេរិក នៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits times នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។

Barbie គឺជារឿងដែលរកបាន ចំណូលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ Warner Bros។ កំណត់ត្រានេះ ដើមឡើយត្រូវបានកាន់កាប់ដោយរឿង «Harry Potter And The Deathly Hallows: Part 2» ឆ្នាំ២០១១ ដែលរកចំណូលបាន ១.៣៤ពាន់លានដុល្លារទូទាំងពិភពលោក។ ប្រការនេះ បានធ្វើឲ្យអ្នកដឹកនាំ Greta Gerwig និងតារាសម្តែង Margot Robbie, Barbie បានក្លាយជាតារាដ៏លេចធ្លោរ និងមានអ្នកគាំទ្រជាច្រើនធ្វើត្រាប់តាម ដោយការស្លៀកពាក់ពណ៌ផ្កាឈូក។

គួរជម្រាបថា រឿង «Barbie» ត្រូវបានចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដានៅសហរដ្ឋអាមេរិក ដែលជាកាលបរិច្ឆេទដូចគ្នាជាមួយ Universal's Oppenheimer ពីអ្នកដឹកនាំ Christopher Nolan។ ចំណូលនៃភាពយន្តនេះ បានវ៉ាដាច់ភាពយន្តធំៗផ្សេងៗទៀត ដែលចេញក្នុងឆ្នាំនេះដូចជា The Super Mario, Spider-Man: Across the Spider-Verse និង Guardians of the Galaxy វគ្គ៣៕