(ម៉ាឌ្រីដ)៖ ក្រុម Real Madrid គិតត្រឹម ៤ប្រកួតនេះ ស្ថិតក្នុងលីគអេស្ប៉ាញ La Liga 2023-24 នៅពេលនេះកំពុងនាំមុនកំពូលតារាង ក្រោយរកបាន ១២ពិន្ទុពេញ បន្ទាប់ពីយកឈ្នះក្រុម Getafe ២-១ ខណៈក្រុមការពារតំណែងជើងឯក FC Barcelona ឈរលេខរៀងទី៣ រកបានតែ ១០ពិន្ទុបណ្តោះអាសន្ន។

Barcelona និងក្រុម Girona កំពុងមាន ១០ពិន្ទុស្មើគ្នា ដែលបានភ្លាត់លេងស្មើ ១ប្រកួតដូចគ្នា ខណៈក្រុម Atletico Madrid កំពុងមាន ៧ពិន្ទុក្រោយលេងបាន ៣ប្រកួត ដ្បិតជំនួបសប្តាហ៍ទី៤ ត្រូវជួបក្រុម Sevilla នៃជើងទី១ កាលពីថ្ងៃអាទិត្យ ត្រូវបានពន្យាយាពេលដោយបញ្ហាជំនន់ទឹកភ្លៀងខ្លាំងនាទីក្រុងម៉ាឌ្រីដ ជាមួយកាលបរិច្ឆេទប្រកួតថ្មី និងត្រូវបានដឹងឆាប់ៗខាងមុខនេះ៕