(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានមានប្រសាសន៍ថា ភាពរីកចម្រើន ក៏ដូចជាការប្រែប្រួល នៃវិស័យបាល់ទាត់កម្ពុជា បានជំរុញឲ្យមានភាពទាក់ទាញ ទាំងវិស័យទេសចរណ៍ នឹងអ្នកវិនិយោគ ហើយកាត់បន្ថយនូវភាពអសកកម្មនានាក្នុងសង្គម។ ការលើកឡើងនេះ បន្ទាប់ពីប្រធានសហព័ន្ធខាងលើ បានចុះអនុស្សារណៈយោគយល់គ្នាលើភាពជាដៃគូឧបត្ថម្ភ រវាងសហព័ន្ធ និងក្រុមហ៊ុនមីនេបៀ (ខេមបូឌា) នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោកបានចាត់ទុកការសហការឧបត្ថម្ភនេះ គឺជាការរួមចំណែកដ៏ធំក្នុងការបង់ពន្ធជូនរដ្ឋ បង្កើនថវិកាជាតិ ក៏ដូចជាការអភិវឌ្ឍវិស័យអប់រំ សុខមាលភាព ពិសេសវិស័យបាល់ទាត់កម្ពុជា ឲ្យកាន់តែរីកចម្រើន។

នាយឧត្តមសេនីយ៍ សៅ សុខា ថា ការចែករំលែកភាពជោគជ័យ នៃការវិនិយោគរបស់ដៃគូ បានគាំទ្រដល់សកម្មភាពសង្គម ជាពិសេសសកម្មភាពការអប់រំ សុខភាពសាធារណៈ តាមរយៈការឧបត្ថម្ភទៅដល់វិស័យកីឡាបាល់ទាត់ ចលនានៃការលេង ទស្សនាការប្រកួតទទួលបានការនិយមពេញចិត្តពីប្រជាជនគ្រប់ស្រទាប់យ៉ាងច្រើនកុះករ ហើយបម្រើឲ្យការសិក្សារបស់យុវជន និងកំសាន្ដសប្បាយសម្រាប់ប្រជាជនទូទៅទៀតផង ។

លោកបន្ដថា «បាល់ទាត់ក៏មានជំហានអភិវឌ្ឍន៍ប្រែប្រួលក្នុងការប្រកួតលក្ខណៈអន្ដរជាតិ តាមរយៈកីឡាបាល់ទាត់ កិត្យានុភាពកម្ពុជា ត្រូវបានលើកកម្ពស់ ទាក់ទាញបានចំណាប់អារម្មណ៍ ទៅដល់វិស័យទេសចរណ៍ អ្នកវិនិយោគ មកកាន់ប្រទេសកម្ពុជាកាន់តែមានចំនួនឡើង ។ តាមរយៈសកម្មភាពកីឡាបាល់ទាត់ផងដែរ ក៏បានរួមចំណែកកាត់បន្ថយនូវភាពអសកកម្មដូចជា បទល្មើស នៅក្នុងសង្គម ជាពិសេសគ្រឿងញៀន ក្មេងទំនើង ការបោះបង់ការសិក្សារបស់សិស្ស ការគោរពច្បាប់ចរាចរណ៍ និងការស្រលាញ់បរិស្ថានជាដើម»

«ហើយកេរ្ដិ៍ឈ្មោះឧបត្ថម្ភដល់វិស័យបាល់ទាត់នៅកម្ពុជា ក៏ទទួលបាននូវកិត្តិយស ទាំងក្នុងក្របខ័ន្ឌផ្ទៃក្នុងជាតិ និងលើឆាកអន្ដរជាតិ ។ ដូច្នេះការឧបត្ថម្ភ ការចាប់ដៃគូរវាងវិនិយោគមីនេបៀ ជាមួយនឹងវិស័យបាល់ទាត់កម្ពុជា ដែលមានសហព័ន្ធជាតំណាង គឺពិតជាមានអត្ថន័យ មានផលប្រយោជន៍រួម សម្រាប់ក្រុមហ៊ុនវិនិយោគផង សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផង ជាពិសេសគឺផ្ដល់ប្រយោជន៍ពិតប្រាកដដល់ប្រទេស និងកេរ្ដិ៍ឈ្មោះប្រជាជនកម្ពុជាផងដែរ» ។ លោនាយឧត្តមសេនីយ៍ សៅ សុខា បន្ថែម ។

ជាមួយគ្នាដែរ លោក យ៉ូស៊ីហ៊ីរ៉ូ សាកានុស៊ី (Mr. Yoshihiro Sakanushi) អគ្គនាយកក្រុមហ៊ុនដៃគូសហព័ន្ធខាងលើ បានសម្ដែងក្ដីរីករាយ ដែលបានបន្ដចាប់ដៃគូ និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជា តាមរយៈសហព័ន្ធ រហូតដល់ឆ្នាំ២០២៥ ។ លោករំពឹងថា កិច្ចសហការមួយនេះ នឹងទទួលបានការពេញចិត្ត ហើយជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត នាថ្ងៃអនាគត៕