(ភ្នំពេញ)៖ ផលិតកម្ម LD Picture បានរៀបចំពីធីបើកសម្ពោធដាក់បញ្ចាំង ជាផ្លូវការនូវខ្សែភាពយន្តខ្នាតធំ មានចំណងជើងថា «ប៉ាកូរចង់បានប្រពន្ធ» បន្ទាប់ពីទទួលបានជោគជ័យខ្ពស់ លើការដាក់បញ្ចាំងភាពយន្តរឿង «លោកប៉ាមហាកូរ» កាលពីឆ្នាំ២០២២កន្លងទៅ។ ការបញ្ចេញស្នាដៃថ្មីនេះ គឺស្របពេលជាមួយនឹងទីផ្សារភាពយន្តក្នុងស្រុក ចាប់ផ្ដើមមានសកម្មភាពកំរើកឡើងវិញ ដោយសន្ទុះនៃការចូលទស្សនាភាពយន្ត របស់មហាជន ជាពិសេសយុវវ័យ គឺមានការកើនឡើង ដែលធ្វើឲ្យទីផ្សារភាពយន្តមានតម្រូវការច្រើន។

ពិធីបើកសម្ពោធដាក់បញ្ចាំងរឿង «ប៉ាកូរចង់បានប្រពន្ធ» ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្សារទំនើបជីបម៉ុង ផ្លូវ២៧១ ក្រោមវត្តមានផលិតករភាពយន្ត, មន្ត្រីតំណាងឲ្យក្រួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិល្បក-សិល្បការិនីជាច្រើននាក់។

អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម អិលឌី លោក លៀក លីណា បានថ្លែងប្រាប់ Fres News Plus ឲ្យដឹងថា បន្ទាប់ពីទទួលបានជោគជ័យខ្លាំងលើខ្សែភាពយន្ដ «លោកប៉ាមហាកូរ» ឬអាចនិយាយជាខ្សែភាពយន្ដបែបកំប្លែងវគ្គ១ កាលពីឆ្នាំ២០២២ ពេលនេះផលិតកម្មក៏សម្រេចចិត្ដផលិតវគ្គថ្មី និងយកវាមកបម្រើអារម្មណ៍ទស្សនិកជាថ្មីទៀត ដោយបានដាក់ចំណងជើងថ្មីថា «ប៉ាកូរចង់បានប្រពន្ធ» ដើម្បីដាក់បញ្ចាំងបម្រើដល់អារម្មណ៍របស់មហាជន ដែលតែងតែគាំទ្រស្នាដៃរបស់ផលិតកម្ម LD។

លោកបន្តថា ខ្សែភាពយន្ដនេះ បង្ហាញពីស្នេហាវ័យចំណាស់ បង្កប់ដោយឈុតឆាកកំប្លុកកំប្លែងតាំងពីដើមដល់ចប់នេះ គឺតួអង្គត្រូវដើរតាមគម្រោង រហូតដល់ទៅ ៧លើក ដើម្បីទាក់បានស្រីស្អាត ខណៈដែលរឿងវគ្គ១ ប្រើស្ទីលញ៉ែតែ២ គម្រោងប៉ុណ្ណោះ ក៏សម្រេចគោលបំណង។ លោកបានបង្ហាញក្ដីរំពឹងថា ភាពយន្តរឿង «ប៉ាកូរចង់បានប្រពន្ធ» នឹងទទួលបានជោគជ័យបន្ថែមទៀត ព្រោះតែរឿងនេះ ត្រូវបានសម្រិតសម្រាំងឡើងយ៉ាងពិសេស ហើយចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនដួង ខណៈតួឯកប្រុសដែលក្ដោបក្ដាប់បានប្រជាប្រិយភាពមិនចេះរីងស្ងួត គឺលោក ទេព រិនដារ៉ូ ក៏មានវត្តមាននៅក្នុងរឿងនេះ។

សូមរំឭកថា ពិធីសម្ពោធដាក់បញ្ចាំងជាផ្លូវការនូវខ្សែភាពយន្ដរឿង «ប៉ាកូរចង់បានប្រពន្ធ» របស់ផលិតកម្ម អិលឌី កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្សារទំនើបជីបម៉ុង ២៧១ គឺមានវត្ដមានតារាម្ដែងល្បីៗចូលរួមដូចជា លោក ទេព រិនដារ៉ូ, ហេង ជាឡាយ, ជា សុវណ្ណនរាហ៍, កញ្ញា ស៊ីន យូប៊ីន និងកញ្ញា ហេង ចន្ថា ជាដើម។ ខ្សែភាពយន្ដខ្នាតធំ រឿង «ប៉ាកូរចង់បានប្រពន្ធ» នឹងចាប់ផ្ដើមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដ ចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ៕