(បរទេស)៖ តារាចម្រៀងប្រុស RM នៃ K-pop BTS បានបដិសេធការចោទប្រកាន់ ដែលថាលោកមានការរើសអើង និងស្អប់ខ្ពើមចំពោះអ្នកកាន់សាសនាមូស្លីម ខណៈការចេញមុខបដិសេធនេះ បន្ទាប់ពីមានអ្នកលេងបណ្តាញសង្គម បង្ហោះសារជាបន្តបន្ទាប់ក្នុងន័យចោទប្រកាន់ ដែលលោកមិនអាចទទួលយកបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreatimes។

អ្នកប្រើប្រាស់បណ្តាញសង្គម អនឡាញមួយចំនួន បានចោទប្រកាន់តារាចម្រៀងជួរមុខរបស់ BTS ថា ជាមនុស្សស្អប់ខ្ពើមអ្នកកាន់សាសនាមូស្លីម បន្ទាប់ពីលោកបានណែនាំបទចម្រៀងឆ្នាំ២០២១ របស់តារាចម្រៀងអាមេរិក Frank Ocean មានចំណងជើងថា «Bad Religion» ទៅកាន់អ្នកតាមដានរបស់លោកនៅលើ Instagram កាលពីថ្ងៃទី១៦ ខែសីហា ខណៈដែលបទចម្រៀង គឺនិយាយអំពីការតស៊ូផ្ទាល់ខ្លួនរបស់ Ocean ជុំវិញភេទរបស់តារារូបនេះ និងអត្តសញ្ញាណ។ អ្នកលេងបណ្តាញសង្គមបានអះអាងថា ពាក្យមួយចំនួនក្នុងបទចម្រៀងធ្វើឲ្យមាន ការប្រមាថដល់សាសនាឥស្លាម ដែលថ្កោលទោសការស្រឡាញ់ភេទដូចគ្នាជាដើម។

តែយ៉ាងណា តារាចម្រៀង RM បានច្រានចោលការចោទប្រកាន់នេះភ្លាមៗ ដោយនិយាយថា លោកមិនមានចេតនាប្រមាថសាសនាណាមួយឡើយ។

គួរជម្រាបថា នេះមិនមែនជាលើកទី១ទេ ដែលតារា K-pop ត្រូវបានគេចោទប្រកាន់ថា ជាអ្នកប្រកាន់សាសនាអ៊ីស្លាម។ កាលពីខែមេសា Jisoo នៃក្រុមចម្រៀងស្រី BLACKPINK បានទទួលការរិះគន់ពីអ្នកប្រើប្រាស់អនឡាញមួយចំនួន សម្រាប់ការចែករំលែកការសម្តែងរបស់ Ocean នៅលើ Instagram ជាមួយនឹងមតិថា «រឿងព្រេងនិទាន»។ ប៉ុន្តែទាំង Jisoo និងភ្នាក់ងាររបស់នាង YG Entertainment មិនបានធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ៕