(ភ្នំពេញ)៖ សាលាអន្តរជាតិ ចុង អ៉ីង ដែលជាសាលារៀនចំណេះទូទៅ បណ្តុះបណ្តាល៣ភាសា គឺភាសាខ្មែរ ចិន និងអង់គ្លេស បានដឹកនាំសិស្សានុសិស្សប្រមាណ១០នាក់ ចុះទស្សនកិច្ចសិក្សា និងបោះជំរុំរដូវក្តៅ នៅប្រទេសចិនរយៈពេល១០ថ្ងៃ។

ឧកញ៉ា សេង  វណ្ណារិទ្ធ  អគ្គនាយក នៃសាលាអន្តរជាតិ ចុង អ៊ីង បានឱ្យដឹងថា សាលាអន្តរជាតិចុងអ៉ីង តែងតែដឹកនាំសិស្សានុសិស្សចុះទស្សនកិច្ចសិក្សានៅតាមបណ្តាប្រទេសមួយចំនួន ដើម្បីរៀនសូត្រពីចំណេះដឹងថ្មីៗ និងសិក្សាពីភាពរីកចម្រើននៃប្រទេសផ្សេងៗ ដើម្បីយកបទពិសោធន៍មកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិវិញ។

លោកបន្តថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនឹងដឹកនាំសិស្ស ទៅទស្សនកិច្ចសិក្សានៅសកលវិទ្យាល័យ តឺជឹង ស្ថិតក្នុងខេត្តសាងតុង ដែលជាដៃគូរបស់សាលាអន្តរជាតិ ចុង អ៉ីង  ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ជំរុញឱ្យសិស្សានុសិស្សស្គាល់អំពីវប្បធម៌ និងភាពរីកចម្រើនរបស់ចិន ក៏ដូចជាស្គាល់ពីពិភពលោកខាងក្រៅឱ្យបានកាន់តែច្រើន។

លោកបន្ថែមថា «ដំណើរទស្សនកិច្ចនេះ យើងធ្វើឡើងចំនួន១០ថ្ងៃ យើងសង្ឃឹមថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនេះ កូនសិស្សយើងនឹងមានភាពក្លាហានកាន់តែខ្លាំង ស្គាល់ពីពិភពលោកកាន់តែច្បាស់ តាមរយៈប្រទេសចិន។ ហើយឱកាសក្រោយ យើងនឹងនាំគាត់ទៅកាន់ប្រទេសផ្សេងៗទៀត ដើម្បីឱ្យគាត់មានជំនឿនចិត្ត និងមានគោលដៅសម្រាប់ជីវីតរបស់គាត់»

សូមជម្រាបថា សិស្សានុសិស្ស ដែលចូលរួមក្នុង ដំណើរទេស្សនកិច្ចនេះ គឺសិស្សានុសិស្សចាប់ពីកម្រិតបឋមសិក្សា ដល់អនុវិទ្យាល័យ៕