(បរទេស)៖ មានពាក្យចចាមអារ៉ាមមកថា Apple នឹងបញ្ចេញ iPhone 15 ឆ្នាំ២០២៣ នេះរហូតដល់ ៥ម៉ូដែល ខណៈដែលរបាយការណ៍លេចធ្លាយកន្លងមកថា Apple នឹងប្តូរ iPhone 15 Pro Max ទៅជា Ultra ទំនងជានឹងមានការផ្លាស់ប្តូរនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AppleInsider នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមអ្នកបង្ហោះរបាយការណ៍លេចធ្លាយឧបករណ៍ថ្មីៗរបស់ Apple ដ៏ល្បីលោក Majin Bu បានបង្ហោះសារនៅលើគណនី X ថា Apple នឹងបញ្ចេញទាំង iPhone 15 Pro Max និង iPhone 15 Ultra នៅឆ្នាំនេះ។ ពាក្យចចាមអារ៉ាមកន្លងមកបានឱ្យដឹងថា Apple មានបំណងប្តូរឈ្មោះ iPhone 15 Pro Max របស់ខ្លួនទៅជា Ultra នោះនឹងមិនអាចកើតមាននោះទេ ដោយសារតែ Apple ចង់នៅរក្សាឈ្មោះម៉ូដែលនេះដដែល ហើយជំនួសដោយការបង្កើតនូវម៉ូដែល Ultra មួយថ្មីបន្ថែមទៀតជំនួសវិញ។

យោងតាមខ្លឹមសារចេញផ្សាយ iPhone 15 Pro Max ត្រូវបានគេរំពឹងថានឹងមានទំហំ Storage រហូតដល់ 1TB ឯណោះជាមួយនឹងទំហំ RAM 6GB ចំណែក iPhone 15 Ultra នឹងកាន់តែពិសេសជាមួយនឹងទំហំ Storage ធំបំផុតជាលើកដំបូងរហូតដល់ 2TB ជាមួនឹងទំហំ RAM 8GB រួមជាមួយការបន្ថែមទៅលើមុខងារកាមេរ៉ាកាន់តែច្រើន។ ខណៈដែលម៉ូដែលទាំងពីរនេះនឹងខុសត្រូវតម្លៃគ្នាប្រហែលជាង ១០០ដុល្លារបន្ថែមទៀត។

គួរជម្រាបដែរថា ប្រសិនបើ Apple បញ្ចេញ iPhone 15 ចំនួន ៥ម៉ូដែលក្នុងឆ្នាំនេះមានន័យថានឹងមានម៉ូដែល iPhone 15, iPhone 15 Plus, iPhone 15 Pro, iPhone 15 Pro Max និង iPhone 15 Ultra។ ឆ្នាំនេះ iPhone 15 Ultra នឹងកា្លយជាស្មាតហ្វូនសេរីទំនើប និងថ្លៃជាងគេប្រចាំឆ្នាំ៕