(ឡុងដ៏)៖ ក្លិបការពារតំណែងជើងឯក Manchester City បន្តរកបាន ១២ពិន្ទុក្នុងចំណោមការលេងមិនចាញ់នោះទេ សម្រាប់ ៤ប្រកួតបើករដូវកាលថ្មី Premier League 2023-24 ខណៈក្រុមកាំភ្លើងធំ Arsenal បានវាយបកបំបាក់ក្រុម Manchester United ៣-១ ធ្វើឲ្យក្រុមលោក Mikel Arteta រកបាន ១០ពិន្ទុនៃប្រជែងលីគរដូវកាលនេះ នាមជាក្រុមរងជើងឯករដូវកាលមុន។

Man City ដឹកនាំដោយលោក Pep Guardiola បានយកឈ្នះក្រុម Fulham ៥-១ នៃជំនួបសប្តាហ៍ទី៤ ដែលខ្សែប្រយុទ្ធ Erling Haaland រកបាន ៣គ្រាប់ម្នាក់ឯក ដ្បិត ២គ្រាប់រកបានដោយកីឡាករ Julian Alverez និង Nathan Ake ក្លាយជាជ័យជម្នះ ៤ប្រកួតជាប់គ្នា ខណៈ Erling Haaland បន្តកំពុងនាំមុខគេក្រោយរកបាន ៦គ្រាប់ក្នុងលីគរដូវកាលថ្មីនេះបណ្តោះអាសន្ន។

ក្រុមលោក Mikel Arteta បានវាយបករកបាន ៣គ្រាប់ ជាការធ្វើបានដោយកីឡាករសំខាន់ៗ ៣រូបមានកីឡាករ Martin Odegaard ជាមួយខ្សែបម្រើតម្លៃ ១៥០លានផោន Declan Rice និង Gabriel Jesus ខណៈក្រុមលោក Erik Ten Hag រកបានតែការនាំមុខ ១គ្រាប់ដោយ Marcus Rashford។

ដ្បិតឱកាលមានគ្រាប់ទី២ របស់ក្រុម Man United ត្រូវបានបដិសេធដោយប្រព័ន្ធវីឌេអូជំនួយការអជ្ញាកណ្តាល VAR នៅនាទី៨៩ ពីការព្យាយាមរបស់ Alejandro Garnacho ដោយលទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហម នៅមានត្រឹមតែ ៦ពិន្ទុ ពីការឆ្លងកាត់ ៤ប្រកួតដូចគ្នា។

បញ្ជាក់ផងថា ការឆ្លងកាត់ ៤ប្រកួតរួចមកនេះ សម្រាប់ ៥ក្រុមកំពូលតារាងមានតែ Manchester City លេងមិនទាន់ចាញ់ រឺស្មើនោះទេ រកបាន ១២ពិន្ទុពេញ ហើយក្រុម Tottenham Hotspur, Liverpool, West Ham United និង Arsenal កំពុងមាន ១០ពិន្ទុស្មើគ្នាបណ្តោះអាសន្ន ដែលត្រូវកាត់សេចក្តីនៅសប្តាហ៍ទី៥ បន្តទៀត។