(ភ្នំពេញ)៖ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងកម្ពុជា សៀង ចន្ធា បានរកគ្រាប់បាល់ដំបូងឲ្យក្លិប AL Shahaniya ក្នុងការប្រកួតពានរង្វាន់ Qatar FA Cup 2023 ស្របពេលក្រុមរបស់ខ្លួន បានលត់ក្រុម Muaither SC ដោយលទ្ធផល ៧-០ នៅរាត្រីថ្ងៃអាទិត្យកន្លងទៅ។

សម្រាប់ការប្រកួតបើកឆាកពានរង្វាន់ QFA Cup ខាងលើ ចន្ធា ត្រូវបានប្ដូរចូលលេងនៅវគ្គទី២ ខណៈគ្រាប់បាល់ដំបូងដែលកីឡាករកម្ពុជារូបនេះ បានទៅប្រកបអាជីពនៅលីគទី២ នៃប្រទេសកាតា គឺធ្វើសម្រេចនៅនាទី៨៦ និងជាគ្រាប់បាល់ទី៧ នៃជ័យជម្នះរបស់ក្រុម AL Shahaniya លើក្រុម Muaither SC តែម្ដង។

ទន្ទឹមជាមួយការរកបានគ្រាប់បាល់ដំបូងនៅកាតានេះដែរ ស្របពេល សៀង ចន្ធា ត្រូវធ្វើដំណើរមកប្រទេសកំណើតថ្ងៃនេះ ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា តាមការកោះហៅរបស់លោក Felix Dalmas ដើម្បីជួយក្រុមគោព្រៃកម្ពុជា ដែលត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ២ប្រកួតទល់នឹងហុងកុង នាថ្ងៃទី០៧ ខែកញ្ញា និងជួបក្រុមម៉ាកាវ នាថ្ងៃទី១១ ខែកញ្ញាខាងមុខ នៅពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក)៕