(បាសេឡូណា)៖ ក្លិប FC Barcelona បានចុះកិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធ Joao Felix របស់ Atletico Madrid និងខ្សែការពារ Joao Cancelo របស់ក្លិប Manchester City លើលក្ខខណ្ឌខ្ចីជើង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។

កីឡាករទាំងពីររូបនេះ បានចុះហត្ថលេខាលេងខ្ចីជើងរយៈពេលមួយរដូវកាល ហើយក្នុងនោះ ក៏បានដាក់រួមបញ្ចូលទាំងជម្រើស ក្នុងការទិញដាច់ផងដែរ។

កីឡាករអន្តរជាតិព័រទុយហ្គាល់ Cancelo វ័យ ២៩ឆ្នាំ បានចំណាយពេលលេងខ្ចីជើងនៅក្លិប Bayern Munich បន្ទាប់ពីបាត់បង់ទំនុកចិត្តនៅកីឡដ្ឋាន Etihad។

ជាមួយគ្នានោះ កីឡាកររួមសញ្ជាតិ Felix វ័យ ២៣ឆ្នាំ ដែលបានចូលរួមជាមួយ Atletico ក្នុងតម្លៃ ១១៣លានផោន កាលពីឆ្នាំ២០១៩ នោះ បានលេងខ្ចីជើងរយៈពេល ៦ខែ ដោយមិនទទួលបានជោគជ័យនៅក្លិប Chelsea កាលពីរដូវកាលមុន។

Felix ដែលបានបន្តកិច្ចសន្យារបស់លោក នៅ Atletico រហូតដល់ឆ្នាំ២០២៩ នោះ រកបាន ៤គ្រាប់ ក្នុងចំណោម ២០ប្រកួត​ សម្រាប់ Chelsea។

បញ្ហាហិរញ្ញវត្ថុរបស់ Barcelona មានន័យថា ពួកគេត្រូវរង់ចាំដើម្បីចុះកិច្ចសន្យាជាមួយកីឡាករសញ្ជាតិព័រទុយហ្គាល់ទាំងពីររូបនេះ ប៉ុន្តែការផ្លាស់ចេញរបស់ខ្សែប្រយុទ្ធ Ansu Fati ទៅលេងខ្ចីជើងនៅក្លិប Brighton នោះ បានជួយឲ្យការចុះកិច្ចសន្យានេះយ៉ាងរលូន៕