(ភ្នំពេញ)៖ មន្ដ្រីកីឡាជាន់ខ្ពស់ នៃបណ្ដាប្រទេសសមាជិកអាស៊ាន បានចាប់ផ្ដើមពង្រឹង យកចិត្តទុកដាក់ និងជំរុញការត្រៀមលក្ខណៈសម្បត្តិ ដើម្បីដាក់ជាបេក្ខភាពដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០៣៤ (FIFA World Cup 2034) ខណៈកម្ពុជា ក៏ត្រូវបានចាត់ទុកជាប្រទេសដ៏មានសក្ដានុពលមួយ ដើម្បីរួមចំណែកទទួលរៀបចំការប្រកួតព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផងដែរ ។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីលោកត្រឡប់មកដល់មាតុភូមិវិញ នៅរាត្រីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នេះ ក្រោយមន្ដ្រីកីឡាជាន់ខ្ពស់របស់កម្ពុជារូបនេះ បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន និងរដ្ឋមន្ដ្រីកីឡាអាស៊ាន នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ចាប់ពីថ្ងៃទី២៦ ខែកញ្ញា រហូតដល់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ លោក វ៉ាត់ ចំរើន បានឲ្យដឹងថា កិច្ចប្រជុំខាងលើ បានពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើន ទាំងក្នុងក្របខណ្ឌបណ្ដារដ្ឋសមាជិកអាស៊ានផង និងដៃគូសហប្រតិបត្តិការអាស៊ាន មានចិន និងជប៉ុន ផង ។ ក្នុងនោះកិច្ចប្រជុំ ក៏បានលើកពីការត្រៀមដេញថ្លៃធ្វើម្ចាស់ផ្ទះ FIFA World Cup 2034 ដ្បិតការពីឆ្នាំកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញក្នុងក្របខណ្ឌអាស៊ានឲ្យយកចិត្តទុកដាក់លើការងារនេះដែរ ។

លោកបន្ដថា «ឥលូវនេះ អាស៊ានបានលើកឡើងវិញ ហើយពង្រឹងក្រុមការងារពិសេសមួយ ដែលរៀបចំធ្វើការឲ្យបានគ្រប់លក្ខណៈសម្បត្ដិ ដើម្បីជួយឲ្យអាស៊ានដេញថ្លៃទទួលបានជោគជ័យ ។ នេះគឺជារឿងសំខាន់មួយ ហើយថៃ ក្នុងនាមប្រធានអង្គប្រជុំ បានលើកឡើងអំពីថា កម្ពុជា អាចចាត់ទុកជាប្រទេសមួយ ដែលមានសក្ដានុពល ហើយអាចទទួលបាននូវការរៀបចំ FIFA World Cup បាន ដោយសារកម្ពុជា មានពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានស្ដង់ដារអន្ដរជាតិ»

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែល បានពន្យល់ទៀតថា «ស្ដង់ដាររបស់អាស៊ាន គឺធ្វើម៉េចឲ្យមានពហុកីឡដ្ឋានស្ដង់ដាររបស់ FIFA យ៉ាងតិច ១១ពហុកីឡ បានន័យថា មានលក្ខណៈសម្បត្តិ និងប្រព័ន្ធសុវត្ថិភាពល្អ ហើយអ្វីដែលសំខាន់ គឺចំនួនកៅអីចន្លោះពី ៤ម៉ឺន ទៅ ៨ម៉ឺននាក់ ។ ប៉ុន្ដែកម្ពុជា នឹងមិនអាចជាប្រទេសរៀបចំពិធីបើក-បិទបានទេ ដោយសារគេតម្រូវថា ប្រទេសដែលរៀបចំពិធីបើក-បិទ ត្រូវមានពហុកីឡដ្ឋាន ដែលមានចំណុះពី ៨ម៉ឺននាក់ឡើងទៅ...»

លោក វ៉ាត់ ចំរើន បន្ដថា ទាំងអស់នេះ ត្រូវបានធ្វើការជជែកវែកញែកគ្នាក្នុងក្របខណ្ឌជំនាញឧត្តមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន ក៏បានលើកឡើង និងបញ្ជាក់ច្បាស់ដែរ ។ យ៉ាងណាមិញបណ្ដាប្រទេសសមាជិកទាំងអស់ បាននឹងកំពុងធ្វើការជំរុញ និងពង្រឹងបន្ថែមទៀត នៅក្នុងការត្រៀមដាក់ជាបេក្ខភាព ដើម្បីដេញថ្លៃធ្វើជាម្ចាស់ផ្ទះ មានន័យថា យកអាស៊ានទាំងមូល ដើម្បីជាបេក្ខភាពដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០៣៤ ខាងមុខ ។

ទន្ទឹមជាមួយការខិតខំ ដើម្បីឆ្ពោះទៅសម្រេចក្ដីស្រម៉ៃដ៏ធំរបស់អាស៊ាននេះ ក៏មានក្ដីបារម្ភផងដែរ ចំពោះគូប្រជែង ដោយលោក វ៉ាត់ ចំរើន បានទម្លាយថា «អ្វីដែលអាស៊ានមានការព្រួយបារម្ភ ដោយសារឆ្នាំ២០៣៤ មានបេក្ខភាព ៣ប្រទេសធំៗ ទី១-ចិន ទី២-អូស្ដ្រាសី និង New Zealand និងទី៣-អារ៉ាប់ប៊ីសាអូឌីត ។ អ៊ីចឹងបេក្ខភាពប្រជែងធ្វើម្ចាស់ផ្ទះ ៣ប្រទេសនេះ គឺជាដៃគូប្រកួតប្រជែងដ៏សំខាន់របស់អាស៊ាន ។ បើអាស៊ាន មានគ្រប់លក្ខណៈសម្បត្តិ អាស៊ាននឹងអាចទទួលនូវការរៀបចំ FIFA World Cup នេះបាន»

យ៉ាងណាក្ដី នៅក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន គ្រប់បណ្ដាប្រទេសចូលរួម និងរដ្ឋសមាជិកអាស៊ានទាំងអស់ ក្នុងវិស័យកីឡា គឺបានប្ដេជ្ញា និងខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីប្រជែងធ្វើម្ចាស់ផ្ទះ FIFA World Cup 2034 ដ្បិតគ្រប់បណ្ដាប្រទេសយល់ឃើញថា ការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំនេះ គឺជាជោគជ័យមួយ នៅក្នុងដំណើរការបង្ហាញពីសាច់ដុំ ឬក៏សក្ដានុពលរបស់អាស៊ាននៅលើពិភពលោក ហើយទាក់ទាញចំណាប់អារម្មណ៍ភូមិសាស្ដ្រនយោបាយរបស់អាស៊ាន ទៅលើពិភពលោកថែមទៀត» ។ លោក វ៉ាត់ ចំរើន បន្ថែម ៕