(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យលោក វង្ស ថាណាន់ បានអះអាងថា លោកបានខាតបង់ប្រាក់ចំណូលខ្ទង់ម៉ឺនដុល្លារ អំឡុងពេលលោកជួបគ្រោះថ្នាក់ចរាចរណ៍ ដែលគិតរហូតមកដល់ពេលនេះ គឺមានរយៈពេល៣ខែហើយ ទម្រាំលោកបានជាសះស្បើយខ្លះ ពោលគឺអាចដើរបាន និងទទួលការងារសិល្បៈឡើងវិញ។ តារាបែបមនោសញ្ចេតនា វង្ស ថាណាន់ បន្ទាប់មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មក លោកបានផ្អាកការប្រគំតន្ត្រីទាំងស្រុង ដែលធ្វើឲ្យលោកបាត់បង់ចំណូល ហើយបែរជាត្រូវទទួលបន្ទុកចំណាយកាន់តែច្រើន លើការព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ស្ថិតក្នុងស្ថានភាពជើងខាងស្ដាំរបស់តារាចម្រៀង វង្ស ថាណាន់ ត្រូវបានគ្រូពេទ្យដាក់ដែកចូលនៅឡើយនោះ លោកបានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ជាការពិតណាស់ ដោយសារបញ្ហាគ្រោះថ្នាក់ចរារណ៍តែមួយប៉ប្រិចភ្នែកសោះ លោកត្រូវខាតបង់អស់ច្រើន ជាពិសេសការទទួលច្រៀង និងសម្ដែងតាមការប្រគំតន្ត្រីនានា ត្រូវបានផ្អាកទាំងស្រុង។ លោកក៏អរគុណដល់ម្ចាស់កម្មវិធីទាំងអស់ ដែលបានអធ្យាស្រ័យយោគយល់ដល់រូបលោក ដែលបានជួបនូវទុក្ខលំបាកភ្លាមៗ ដោយចៃដន្យបែបនេះ។

វង្ស ថាណាន់ និយាយថា «បាទបង! បើនិយាយពីខាតបង់លុយវិញ គឺខាតច្រើន សរុបទៅ៣ខែមកនេះ អាចចូលម៉ឺនដុល្លារហើយបង..! ហើយនៅចុងខែកញ្ញានេះ ខ្ញុំត្រូវវះកាត់ដកដែកចេញពីជើងទៀត ដូច្នេះខ្ញុំត្រូវត្រៀមយ៉ាងហោចណាក៏ជាង ៥ពាន់ដុល្លារទៀតដែរ សម្រាប់ថ្ងៃពេទ្យ។ ប៉ុន្តែខ្ញុំក៏អរគុណដល់ម្ចាស់កម្មវិធី ម្ចាស់ក្រុមហ៊ុន ដែលបានយោគយល់ដល់ខ្ញុំ អំឡុងពេលខ្ញុំគ្រោះថ្នាក់ចរាចរណ៍ ព្រោះពេលនោះ គឺកម្មវិធីដែលត្រូវច្រៀង គឺខ្ញុំបានផ្អាកទាំងអស់..!»

យ៉ាងណាមិញ តារាចម្រៀង វង្ស ថាណាន់ ក៏មិនភ្លេចថ្លែងអំណរគុណដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្ម ឡេង ណាវ៉ាត្រា និងតារាចម្រៀងល្បីៗរួមទ្រនំជាច្រើនរូបទៀត ដែលបានជួយ និងយកចិត្តទុកដាក់ដល់រូបលោក ពេលសម្រាក់នៅក្នុងមន្ទីរពេទ្យ ដែលជាទឹកចិត្តជួយគ្នាដ៏ប្រពៃមួយលោកមិនអាចបំភ្លេចបាន និងជាការចងចាំចំពោះការជួយចែករំលែកក្ដីទុក្ខលំបាកទាំងនេះ។

រហូតមកដល់ពេលនេះ សម្រាប់តារាចម្រៀង វង្ស ថាណាន់ ចាប់ផ្ដើមទទួលការច្រៀង និងសម្ដែងក្នុងកម្មវិធីប្រគំតន្រ្តីនានាឡើងវិញហើយ ទោះបីជារូបលោកមិនទាន់ជាសះស្បើយ១០០%ក្ដី។ ប៉ុន្តែលោកបង្ហើបថា អាចច្រៀងបានបទមនោសញ្ចេតនា និងញាក់តិចតួចប៉ុណ្ណោះ។ បើឲ្យលោកច្រៀងបទញាក់កន្ត្រាក់អារម្មណ៍ ហើយរាំរង្គើឆាកដូចមុននោះ គឺមិនកើតទេ ព្រោះតែជើងរបស់លោកនៅឈឺនៅឡើយ។

បើតាមតារាចម្រៀងរូបនេះ បានបញ្ជាក់ថា លោកសម្រេចបញ្ចប់រឿងជាមួយភាគីម្ខាងទៀត ដោយសុខចិត្ដមិនប្ដឹងផ្ដល់គ្នា ហើយឡានខូច និងមនុស្សរបួស ត្រូវទទួលខុសត្រូវជួសជុល និងព្យាបាលរៀងៗខ្លួន។ ការបញ្ចប់រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ដ៏លឿនបែបនេះ ក៏ព្រោះតែលោកខ្ជិលមានបញ្ហាវែងឆ្ងាយ ហើយលោកសុខចិត្ដព្យាបាលជំងឺដោយខ្លួនឯង ខណៈដែលរបួសជើងលោកក៏ធ្ងន់ ហើយឡាន Toyota Pruise របស់លោកក៏ខ្ទេចផ្នែកខាងមុខយ៉ាងខ្លាំង ខណៈមកដល់ពេលនេះលោកក៏លក់ឡៃឡុងបាត់ទៅហើយ។

លោក វង្ស ថាណាន់ គឺតារាចម្រៀងល្បីឈ្មោះមួយរូប នៅក្នុងផលិតកម្ម Galaxy Navatra ដោយអំឡុងពេលជួបគ្រោះថ្នាក់ចរាចរណ៍ គឺរថយន្តរបស់លោកម៉ាក Toyota Pruise បានបុកមួយទំហឹងជាមួយរថយន្តធំដែលឈប់លើផ្លូវអត់មានដាក់សញ្ញា ឬភ្លើងចំណាំងផ្លាត នៅលើផ្លូវមួយកន្លែងក្នុងខណ្ឌព្រែកព្នៅ។ កម្លាំងបុកទង្គិច បានធ្វើរថយន្តរបស់លោកផ្ទុះ និងបែកពោងសុវត្ថិភាព។ វង្ស ថាណាន់ បានរងរបួស បាក់ភ្លៅខាងស្ដាំង បែកមុខ ដោយឡែកបងប្រុស របួសស្រាលជាង។ ក្រោយកើតហេតុ លោកត្រូវបានគេសង្គ្រោះ និងដឹកយកមកព្យាបាលនៅមន្ទីរកាល់ម៉ែត្រ៕