(បរទេស)៖ បន្ទាប់ពីបាត់ខ្លួនពីទីផ្សារប្រទេសឥណ្ឌាអស់រយៈពេលជាង ២ឆ្នាំពេលនេះទទួលបានរបាយការណ៍មកថា ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Honor ចាប់ផ្តើមវិលត្រឡប់ទៅកាន់ឆាកស្មាតហ្វូនឥណ្ឌាវិញហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

យោងតាមការប្រកាសចុងក្រោយពីក្រុមហ៊ុន Honor បានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមដាក់លក់ស្មាតហ្វូនជំនាន់ថ្មី Honor 90 ដែលរួមមាន ២ម៉ូដែលគឺ Hornor 90 និង Honor 90 Pro ហើយត្រៀមនឹងធ្វើដំណើរទៅប្រទេសឥណ្ឌាក្នុងពេលឆាប់ៗខាងមុខនេះ។ ខណៈដែលម៉ូដែលនេះមានដាក់លក់នៅលើគេហទំព័រ Amazon India រួចទៅហើយ។

គួរជម្រាបដែរថា Honor គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន Huawei ហើយក្រុមហ៊ុននេះបានចាកចេញពីផ្សារស្មាតហ្វូនឥណ្ឌាក្នុងអំឡុងឆ្នាំ២០២១ ជុំវិញមូលហេតុការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹង Huawei។ ខណៈការដាក់ទណ្ឌកម្មនេះបានជះឥទ្ធិពលអាក្រក់ដល់ Honor នឹងមានការត្រួតពិនិត្យជាបន្តបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា៕