(ភ្នំពេញ)៖​ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) បានរៀបចំសម្ពោធកម្មវិធីរត់ប្រណាំងសប្បុរសធម៌ ដំបូង «BIDCRUN-Run for a better life 2023» នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅបុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នេះជាព្រឹត្តិការណ៍ចាប់ផ្តើមសម្រាប់ការប្រកួតរត់អនឡាញ BIDCRUN ដែលប្រព្រឹត្តទៅក្នុងរយៈពេល ២៣ថ្ងៃ (ចាប់ពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣) ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (ដោយថវិកានេះជាការចំណាយរបស់ធនាគារ BIDC ផ្អែកលើលទ្ធផលរត់របស់អត្តពលិកទាំងអស់ ដោយចំនួនឧបត្ថម្ភ អប្បបរមា 10,000 ដុល្លារអាមេរិក)។

លោក ម៉ៅ សុខេន អគ្គនាយករងធនាគារ BIDC បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជាង ៤០០នាក់ហើយគ្រាន់តែថ្ងៃដាក់ឱ្យសាកល្បងប្រើប្រាស់ ហើយបានកត់ត្រានូវលទ្ធផលនៃការរត់ចម្ងាយជាង ២០០០គីឡូម៉ែត្រ ដែលត្រូវនឹងថវិកាបរិច្ចាគជាង 3,000,000 រៀល។​ ធនាគារBIDC បានរៀបចំកម្មវិធី “BIDCRUN – Run for a better life 2023” ដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់ដល់សុខាមាលភាពសហគមន៍ និងចែករំលែកការលំបាករបស់កុមារ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ រួមចំណែកដល់សកម្មភាពសង្គម ព្រមទាំងជាការផ្សព្វផ្សាយរាល់សកម្មភាពរបស់ធនាគារ BIDC -គឺដើម្បីសហគមន៍។

លោកបានបន្តថា លោកអ្នកអាចចុះឈ្មោះ និងចូលរួមក្នុងកម្មវិធីសប្បុរសធម៌ "BIDCRUN - Run for a better life 2023" នៅលើកម្មវិធីលើទូរស័ព្ទ BIDCRUN ឬគេហទំព័រ https://run.bidc.com.kh ។ ធនាគារ BIDC ប្រើប្រាស់កម្មវិធី BIDCRUN ដើម្បីកត់ត្រាលទ្ធផលសម្រាប់ការរត់របស់លោកអ្នក ដែលបានចុះឈ្មោះ។ សម្រាប់ការរត់/ដើរក្នុងមួយគីឡូម៉ែត្រ ដែលត្រឹមត្រូវតាមការកំណត់ របស់ អ្កចូលរួមកម្មវិធី ធនាគារ BIDC នឹងប្តូរជាទឹកប្រាក់ ដើម្បីចូលរួមចំណែកឧបត្ថម្ភថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។

រូបមន្តសម្រាប់គិតលទ្ធផលនៃការប្តូរជាទឹកប្រាក់ដូចជា៖​ ចាប់ពី ១គីឡូម៉ែត្រ ដល់ ១០០គីឡូម៉ែត្រ៖ ៥០០ រៀល/គីឡូម៉ែត្រ។ ចាប់ពី ១០១ គីឡូម៉ែត្រ ដល់ ២០០ គីឡូម៉ែត្រ៖ ១.០០០ រៀល/គីឡូម៉ែត្រ។ > 200គីឡូម៉ែត្រ: 1,500 KHR/គីឡូម៉ែត្រ
(ចំនួនប្តូរជាទឹកប្រាក់ត្រូវបានគណនាពីចំនួនគីឡូម៉ែត្រសរុបនៃលទ្ធផលរបស់អត្តពលិកនីមួយៗ)។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.run.bidc.com.kh ឬកម្មវិធី BIDCRUN​ ៕