(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនកូរ៉េខាងត្បូង Samsung កំពុងទទួលបានការគាំទ្រជាខ្លាំងសម្រាប់ស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold/ Flip របស់ខ្លួនជាមួយនឹងការបង្រឹងទៅលើគុណភាពពីមួយជំនាន់ទៅមួយជំនាន់។ តាមរយៈរបាយការណ៍ចុងក្រោយនេះ ស្មាតហ្វូនអេក្រង់បត់ជំនាន់បន្ទាប់របស់ Samsung ទំនងកាន់តែពិសេសនឹងធន់ជាងមុន ខណៈដែលក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ខ្លួនកំពុងត្រៀមបោះទុនវិនិយោគទៅលើប្រភេទកញ្ចក់ Ultrathin ដែលអាចពត់បាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន NikkeiAsia នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុមហ៊ុនផ្គត់ផ្គង់កញ្ចក់អេក្រង់ធំបំផុតរបស់ Samsung មានឈ្មោះថា Corning គឺជាក្រុមហ៊ុនផលិតកញ្ចក់ពិសេសដែលមានដើមកំណើតនៅសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងវិនិយោគប្រមាណ ១.៥ពាន់លានដុល្លារនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់កញ្ចក់អេក្រង់ទៅកាន់ Samsung។ នាយកប្រត្តិបត្តិ (CEO) ក្រុមហ៊ុន Corning លោក Wendell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងផលិតប្រភេទកញ្ចក់អេក្រង់ Ultrathin ដែលមានសមត្ថភាពអាចពត់បានសម្រាប់ស្មាតហ្វូនអេក្រង់បត់ជំនាន់ក្រោយរបស់ Samsung។

តែយ៉ាងណាជុំវិញព័ត៌មានលម្អិតផ្សេងទៀតទាក់ទងនឹងសមត្ថភាពអេក្រង់ក្រុមហ៊ុនអាមេរិកដ៏ធំនេះនៅមិនទាន់មានការបញ្ជាក់លម្អិតនៅឡើយនោះទេ។

គួរជម្រាបដែរថា Corning បានចាប់ផ្តើមអាជីវកម្មនៅកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ១៩៧៣ មកម្លេះ ខណៈភាពជាដៃគូរវាងក្រុមហ៊ុន Samsung និង Corning មានជាយូរមកហើយដោយក្រុមហ៊ុនទាំងពីរបានសាងសង់រោងចក្រផលិតរួមគ្នាសម្រាបផ្គត់ផ្គង់ទៅលើផលិតផលជាច្រើនដូចជាស្មាតហ្វូន និងទូរទស្សន៍ជាដើម។ គិតមកទល់ពេលនេះ Corning មានបុគ្គលិកជាង ៣,០០០នាក់រួចទៅហើយដែលកំពុងតែប្រតិបត្តិការការងារយ៉ាងសកម្មនៅកូរ៉េខាងត្បូង៕