(ភ្នំពេញ)៖ ទីបំផុត តារាចម្រៀងបែបយុវវ័យលោក គូម៉ា បានចូលជ្រកនៅក្នុងទ្រនំនៃផលិតកម្ម Galaxy Navatra ជាផ្លូវការហើយ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈធំ ក្នុងជំនឿចិត្តយ៉ាងមុតមាំថា លោកនឹងអាចជ្រោងប្រជាប្រិយភាពឲ្យខ្លាំងក្លាដូចមុនឡើងវិញ តាមរយៈការបញ្ចេញនូវបទចម្រៀងជាច្រើន ដែលផលិតកម្មបានរៀបចំទុកសម្រាប់រូបលោករួចរាល់ ដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នកគាំទ្រ។ ពិធីប្រកាសជាផ្លូវការត្រូវបានផលិតកម្ម Galaxy Navatra ធ្វើឡើងនៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងសណ្ឋាគារ សាន់អេនមូន ក្បែរស្ពានអាកាសក្បាលថ្នល់ ក្រោមវត្តមានថ្នាក់ដឹកនាំនៃផលិតកម្ម និងអ្នកសារព័ត៌មានជាច្រើននាក់។

តារាចម្រៀងបែបមនោសញ្ចេតនាលោក គូម៉ា បានថ្លែងក្នុងក្ដីរំពឹងយ៉ាងជឿជាក់ថា លោកពិតជាសប្បាយរីករាយណាស់ ដែលបានមកចូលរួមក្នុងគ្រួសារ Galaxy Navatra ដែលជាផលិតកម្មមួយដ៏រឹងមាំ ពោរពេញដោយធនធានមនុស្ស តារាចម្រៀងល្បីៗ អ្នកនិពន្ធឆ្នើមៗ បរិក្ខាបច្ចេកទេសទំនើប និងមានចក្ខុវិស័យខ្ពស់ក្នុងការងារលើកស្ទួយសិល្បៈចម្រៀង ដែលជាចំណុចពិសេស ដើម្បីឲ្យរូបលោកឈរជើងប្រកបដោយទំនុកចិត្តខ្ពស់។ លោកបានត្រៀមនូវបទចម្រៀងជាច្រើនបទ ដើម្បីបំពេញចិត្តអ្នកគាំទ្រ និងត្រូវបានផលិតកម្មបញ្ចេញលើទីផ្សារជាបន្តបន្ទាប់។

លោកគូម៉ា បានថ្លែងប្រាប់បន្តទៀតថា ជាការពិតណាស់ចាប់តាំងពីលោកឈានជើងប្រឡូកក្នុងវិស័យសិល្បៈ គិតរហូតមកដល់ពេលនេះ គឺមានរយៈពេល១៥ឆ្នាំមកហើយ ដោយលោកគិតថា រយៈពេល១៥ឆ្នាំនេះ ហាក់បីដូចជាលឿនណាស់សម្រាប់រូបលោក។ លោកពិតជាអរគុណខ្លាំងណាស់ដល់អ្នកគាំទ្រ ដល់អ្នកដែលធ្លាប់រួមការងារជាមួយលោកកន្លងមក និងអរគុណដល់ផលិតកម្មដែលលោកធ្លាប់ជ្រក ដើម្បីសាងកេរ្តិ៍ឈ្មោះដល់សព្វថ្ងៃ ដែលតែងតែផ្ដល់កម្លាំងចិត្ត និងការគាំទ្រដល់រូបលោក។

តារាចម្រៀង គូម៉ា បញ្ជាក់ថា ការចូលមកក្នុងផលិតកម្ម Galaxy Navatra នៅពេលនេះ គឺជាជំហានថ្មីមួយ ក៏ដូចជាបទពិសោធថ្មីមួយទៀតសម្រាប់រូបលោក ដើម្បីសាងនូវភាពល្បីល្បាញបន្តទៀត ដែលលោកចាត់ទុកថា ផលិតកម្ម Galaxy Navatra គឺជាទ្រនំមួយដ៏ធំផ្ដល់នូវភាពកក់ក្ដៅ និងធ្វើឲ្យរូបលោកសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែម ក្នុងវិស័យចម្រៀងទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។

ដោយឡែកលោក សាក់ ធារិទ្ធ អគ្គនាយករងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានថ្លែងបញ្ជាក់ថា ផលិតកម្មពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានតារាចម្រៀង លោក គូម៉ា ចូលមកក្នុងរួមទ្រនំជាមួយគ្នា ដែលជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីឧត្តមភាព និងការឈានឡើងកាន់តែខ្ពស់ត្រដែត របស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ដែលជាផលិតកម្មចម្រៀងមួយមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងប្រទេស ហើយជានិច្ចកាលតែងទទួលបាន ការគាំទ្រស្រឡាញ់ពេញចិត្តពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ។

លោកបន្តថា សមិទ្ធផល និងស្នាដៃទាំងអស់នេះហើយ គឺកើតចេញពីការដឹកនាំដ៏ប៉ិនប្រសព្វរបស់អ្នកឧកញ៉ាអគ្គនាយក និងបណ្តាថ្នាក់ដឹកនាំផលិតកម្មទាំងអស់ ហើយក៏ជាលទ្ធផលដ៏ត្រចះត្រចង់​ កើតចេញពីភាពសកម្ម ទេពកោសល្យ ភាពច្នៃប្រឌិត និងស្មារតីទំនួលខុសត្រូវខ្ពស់របស់បងប្អូនបុគ្គលិកទាំងអស់គ្នាផងដែរ។

សូមបញ្ជាក់ថា ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា បច្ចុប្បន្នបានប្រមូលផ្តុំនូវបណ្តាសិល្បករ-សិល្បការិនីល្បីៗជាច្រើនដួងដូចជា ឧកញ៉ា ព្រាប សុវត្ថិ, ឧកញ៉ា ខេមរៈ សេរីមន្ត, លោក ខេម, កញ្ញា តន់ ច័ន្ទសីម៉ា, លោក ខាន់ ជេមស៌, លោក Tempo Tris រួមនឹងតារាល្បីៗជាច្រើនរូបទៀត ដែលសុទ្ធសឹងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺទូទាំងប្រទេសកម្ពុជា និងក្នុងកម្រិតតំបន់។

លើសពីនោះទៅទៀត ផលិតកម្មក៏តែងតែផ្តល់ និងបង្កើតឱកាសក្នុងការបញ្ចេញសមត្ថភាព ជូនដល់អ្នកមានទេពកោសល្យ និងមានបំណងចង់ចាប់អាជីពក្នុងវិថីសិល្បៈ ដែលបច្ចុប្បន្នផលិតកម្មមានវត្តមានសិល្បករ-សិល្បការិនីវ័យក្មេង ដែលមានទេពកោសល្យជាច្រើនរូបទៀតដូចជា កញ្ញា អ៊ុក សុវណ្ណារី, លោក ធឿន បុរី, លោក វង្ស ថាណាន់, លោក Nak Fake, លោក K-LA, លោក ពូ, កញ្ញា ហ៊ិន លីដា និងកញ្ញា Amie ជាដើម៕