(ឡុងដ៍)៖ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Ansu Fati របស់ក្លិប FC Barcelona បានសម្រេចផ្លាស់ទៅលេងខ្ចីជើងរយៈពេល ១រដូវកាលនៅក្លិប Brighton ដែលលេងនៅលីគ Premier League។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០២ ខៃកញ្ញា ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងរបស់ Brighton សម្រាប់កីឡាករវ័យ ២០ឆ្នាំរូបនេះ មិនមានរួមបញ្ចូលជាមួយជម្រើស ក្នុងការទិញយកលេងជាអចិន្ត្រៃយ៍នោះទេ, ដ្បិតខ្សែយុទ្ធ Fati បានធ្លាក់ទម្រង់លេងនៅក្លិប Barcelona ហើយក៏មានព័ត៌មានជាប់ពាក់ព័ន្ធនឹងក្លិប Tottenham Hotspur ផងដែរ។

ប៉ុន្តែរូបគេទទួលបានការចាប់អារម្មណ៍លើកទម្រង់លេងចំពោះក្លិប Brighton ដែលស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការ Roberto de Zerbi ដែលលោកលើកឡើងថា « វាគឺជាកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ សម្រាប់ពួកយើងទាំងអស់គ្នា, ខ្ញុំជឿជាក់ថា Ansu នឹងជួយពួកយើងសម្រេចនូវគោលដៅថ្មី ហើយយើងអាចជួយគាត់ ត្រឡប់ទៅរកកម្រិត ដែលគាត់សមនឹងទទួលបានវិញ»

រំលឹកផងថា Anus Fati ដែលបានកើតនៅប្រទេសហ្គីណេប៊ីសូ ប៉ុន្តែបានជ្រើសរើសចូលលេងតំណាងឲ្យជម្រើសជាតិអេស្ប៉ាញ និងបានក្លាយជាផ្នែកមួយ នៃក្រុមដែលលេងនៅ FIFA World Cup កាលពីឆ្នាំមុន បានចុះកិច្ចសន្យាថ្មីជាមួយ Barcelona ក្នុងឆ្នាំ២០២១ ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៧៕