(ភ្នំពេញ)៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសចែកផ្លូវជាមួយគ្រូបង្វឹកលោក Alistair Heath ដែលជាអតីតគ្រូបង្វឹកក្រុមយុវជន Leicester City ហើយ ក្រោយមានការព្រមព្រៀងគ្នា បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ ដឹកនាំក្រុមបានជាង ១រដូវកាល ។

ការចាកចេញនេះ ស្របពេលក្រុមអង្គរថាយហ្គឺរ បានចាប់ផ្ដើមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា Cambodian Premier League 2023/24 ជាមួយលទ្ធផលមិនសូវគាប់ប្រសើរ ពោលគឺឆ្លងកាត់ ៤ប្រកួតឈ្នះ ១ (ឈ្នះគិរីវង់សុខសែនជ័យ ២-០) និងចាញ់ ៣ប្រកួត (ចាញ់ ISI ដង្កោសែនជ័យ ១-០), ចាញ់បឹងកេត ៤-១ និងចាញ់កងយោធពលខេមរភូមិន្ទ ៣-០) ។

យោងតាមការជូនដំណឹងរបស់ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ បានបញ្ជាក់ថា «ក្លិបអង្គរថាយហ្គឺរ និងលោកគ្រូបង្វឹក Alistair Heath បានធ្វើការព្រមព្រៀងចែកផ្លូវគ្នាចាប់ពីការផ្សាយជូនដំណឹងនេះ។ យើងសូមជូនពរឲ្យលោកគ្រូទទួលបានឱកាសល្អៗសម្រាប់ពេលខាងមុខ។ ក្លិបអង្គរថាយហ្គឺរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែករបស់លោកគ្រូ ចំពោះកិច្ចការ និងស្នាដៃដែលលោកគ្រូបានបំពេញកន្លងមកសម្រាប់ក្លិបតាំងពីឆ្នាំ២០២២ មក»

គួរដឹងថា លោក Alistair Heath បានមកប្រកបអាជីពលើកដំបូងនៅកម្ពុជា ក្នុងនាមគ្រូបង្វឹកក្រុមអង្គរថាយហ្គឺរ កាលពីចុងឆ្នាំ២០២១ ខណៈរដូវកាលដំបូង ដែលលោកដឹកនាំក្រុមខ្លាទឹកក្រូចមួយនេះ គឺបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧ ក្នុងចំណោម ៨ក្លិប នៃលីគកំពូលកម្ពុជា ៕